(មូស្គូ)៖ ​បទឈប់បាញ់គ្នានៅទូទាំង​ប្រទេស​ស៊ីរី​រវាងរដ្ឋាភិបាល លោក អាស្សាដ និងក្រុមប្រឆាំងស៊ីរីបានចូល​ជា​ធរមាន​ហើយ​នៅពាក់កណ្ដាល​យប់​ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងតំបន់) អនុឡោម​តាមកិច្ច​ព្រមព្រៀងក្រោម​ការ​សម្របសម្រួល​របស់រុស្ស៊ី និងតួកគី​ដែលនេះអាចជា​សញ្ញាណមួយ​នៃផ្លូវឆ្ពោះ​ទៅកិច្ចចរចា​សន្តិភាព​ដើម្បី​រំដោះប្រជាជន​ស៊ីរី​ចេញពីឋានរក​នៅលើដី។ នេះបើតាមការចេញ​ផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។

ពាក់ព័ន្ធនឹងបទឈប់​បាញ់នេះដែរ​ថ្លែងនៅក្នុង​ជំនួបជាមួយ​រដ្ឋមន្ត្រីការពារជាតិ និងការបរទេស​​របស់ខ្លួន លោក ពូទីន បានគូស​បញ្ជាក់ថា​ឯកសារចំនួនបីត្រូវបាន ចុះហត្ថលេខា​ក្នុងនោះមានដូចជា​ឯកសារទី១ គឺផ្ដោតសំខាន់ទៅលើកិច្ចព្រមព្រៀងលើបទឈប់បាញ់ នៅទូទាំងប្រទេសស៊ីរីរវាងរដ្ឋាភិបាលទីក្រុង​ដាម៉ាស់ និងក្រុមឧទ្ទាម, ទី២និយាយពីការអនុវត្ត​វិធានការ​លើការត្រួត​ពិនិត្យការគោរពបទឈប់បាញ់, និងទី៣ គឺសេចក្ដីថ្លែងការណ៍​នៃឆន្ទៈ​របស់ភាគីជម្លោះ​ក្នុងការផ្ដើមធ្វើ​កិច្ចចរចាសន្តិភាព​ស្ដីច្បាប់ស៊ីរី។

ព្រមពេលជាមួយគ្នា​ក្រុមប្រឆាំងស៊ីរី​បញ្ជាក់​ឡើងវិញថា បើសិនជាបទឈប់បាញ់​នេះត្រូវបានគេ​រំលោភបំពាន នោះពួកគេ​នឹង​ធ្វើការឆ្លើយតប​ភ្លាមៗ។ ម្យ៉ាងវិញទៀតគេក៏ពុំទាន់​អាចសន្និដា្ឋន​បាននៅឡើយទេ ថាបទ​​ឈប់​​បាញ់ដែល​គ្មានសហរដ្ឋ​អាមេរិក​ចូលរួមនេះ នឹងត្រូវអនុវត្តដល់កម្រិតណាហើយវាក៏​មិនមែនជា​បទឈប់បាញ់​លើកទី​មួយដែរ​ព្រោះថាជារឿយៗ វាត្រូវបានគេរំលោភបំពាន រីឯភាគពាក់ព័ន្ធ​តែងតែ​ចង្អុលកំហុស​ដាក់គ្នា​ទៅវិញទៅមក។

គួរបញ្ជាក់ថា​អនុឡោមតាមបទឈប់បាញ់ខាងលើ រុស្ស៊ីនឹងកាត់បន្ថយវត្តមាន​យោធារបស់ខ្លួន នៅស៊ីរី ជាទីដែលទីក្រុងមូស្គូ បានដឹកនាំប្រតិបត្តិការ​យោធាគាំទ្រ​រដ្ឋាភិបាលលោក បាហ្សា អាល់ អាស្សាដ ចាប់តាំងខែកញ្ញា ឆ្នាំ២០១៥ ខណៈមនុស្សជាង ៣១០,០០០នាក់ហើយបានបាត់បង់ជីវិត៕