(អង់ការ៉ា)៖ យោធាតួកគី​បានឱ្យដឹងនៅថ្ងៃពុធនេះថា ក្រុមអ្នកប្រយុទ្ធ ISIS​ ចំនួន ៤៤នាក់ ត្រូវបានសម្លាប់ ខណៈ ១១៧នាក់ផ្សេងទៀត​បានរងរបួស​នៅក្នុងប្រតិបត្តិការ​យោធាមួយ​នៅទីក្រុង al-Bab នៃភាគខាងជើង​ ប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន​យោធាតួកគី​ក៏បាននិយាយដែរថា សមាជិកក្រុមឧទ្ទាមស៊ីរី ៧នាក់បានរងរបួស នៅក្នុងការប្រយុទ្ធគ្នា​កាលពីប៉ុន្មានថ្ងៃមុននេះ ចំណែកឯមូលដ្ឋានរបស់ក្រុម ISIS​ ចំនួន ១៥៤កន្លែង បានក្លាយជាផ្ទាំងស៊ីប​នៃការវាយប្រហារដោយកាំភ្លើងធំ និងអាវុធជាច្រើនផ្សេងទៀត​របស់យោធាតួកគី។

គួរបញ្ជាក់ថា ឧទ្ទាមស៊ីរី ដែលគាំទ្រដោយកងកម្លំាងយោធាតួកគី បានឡោមព័ទ្ធទីក្រុង Al-​Bab​ អស់រយៈពេលជាច្រើនសប្ដាហ៍​មកហើយ នៅក្នុងក្របខ័ណ្ឌ​នៃប្រតិបត្តិការយោធា Euphrates ដឹកនាំដោយប្រទេសតួកគី​ ជិតបួនខែមកនេះ​ដើម្បីបោសសំអាត​ក្រុម ISIS និងក្រុមឧទ្ទាមឃើដ ចេញពីព្រំដែនរបស់ខ្លួនជាប់​ជាមួយស៊ីរី៕