(វ៉ាស៉ីនតោន)៖ មនុស្សជាច្រើននាក់​ ត្រូវបានជម្លៀសខ្លួន​ជាបន្ទាន់​ចេញពីអគារ​ពាណិជ្ជកម្ម Trump Tower នៅរសៀលថ្ងៃអង្គារនេះ (ម៉ោងនៅវ៉ាស៊ីនតោន) បន្ទាប់ពីអាជ្ញាធរ​អាមេរិក ​បានរកឃើញ​កាបូប​ដ៏គួរឲ្យសង្ស័យ​មួយ​នៅក្នុង​សាល​របស់អគារ​ខ្ពស់នៃទីក្រុង​​ញូយ៉ក​​មួយ​នេះ ដែលជា​កន្លែងស្នាក់នៅ​របស់ប្រធានាធិបតី​អាមេរិក ​ជាប់ឆ្នោតលោក ដូណាល់ ត្រាំ ប៉ុន្តែនៅ​ពេល​កើតហេតុ​លោក ត្រាំ ពុំ​មាន​វត្ត​មាន​នៅ​​ទីនោះ​ទេ ដោយ​លោក​កំពុងស្ថិត​នៅរដ្ឋផ្លូរីដា​ឯណោះ ចំណែក​កាបូប​នោះវិញ​ ក្រោយមកត្រូវបាន​​ក្រុមអ្នកជំនាញ​កំណត់​ថា​​ ជា​កា​បូប​ផ្ទុក​ទៅដោយ​សម្ភារៈ​ក្មេងលេង​តែ​ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ​ស្ថានីយទូរទស្សន៍ CNN នៅមុននេះបន្តិចនាព្រឹក​ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦។

លោក Hubert Reyes មន្ត្រីនៃនាយកដ្ឋានប៉ូលិសទីក្រុងញូយ៉កបានប្រាប់ CNN ថា​កាបូប​សង្ស័យខាងលើ​ត្រូវបានត្រួតពិនិត្យ​យ៉ាងហ្មត់ចត់ ​ដោយ​អង្គ​ភាព​​ដោះ​គ្រាប់បែក​របស់នាយកដ្ឋាន ដោយសកម្មភាព​ស៉ើប​អង្កេតនេះ ​ក៏មានការចូលរួម​ពី​​ភ្នាក់ងារការពារប្រធានាធិបតីផងដែរ ហើយ​វា​ត្រូវ​បាន​គេ​​កំណត់​ថា​​ជា​កាបូប​ដែលពុំមានម្ចាស់​ និងគ្មានគ្រោះថ្នាក់អ្វីឡើយ​បន្ទាប់ពីវត្ថុសង្ស័យនេះ ​ត្រូវបានរកឃើញ​នៅក្នុងសាលនៃអគារ Trump Tower។

គួរបញ្ជាក់ថា​អគារពាណិជ្ជកម្ម ​Trump Tower បានស្ថិតនៅក្រោមការ​ការពារសន្តិសុខ​យ៉ាងតឹងរ៉ឹង​បំផុត ចាប់តែ​ពីលោក ដូណាល់ ត្រាំ បានទទួលជ័យជម្នះ​នៅក្នុងការបោះឆ្នោត​ជ្រើសរើស ​ប្រធានាធិបតី​អាមេរិក​កាលពី​ខែវិច្ឆិកា ​កន្លង​ទៅនេះ ហើយដែនអាកាសនៅលើអគារ​កម្ពស់ ៥៨ជាន់​នេះ ​ក៏ត្រូវបាន​​ដាក់​ជា​តំបន់គ្មានការហោះហើរ​ឆ្លងកាត់ថែម​ទៀតផង។ ម៉្យាងវិញ​ទៀត​​រនាំង​ការពារត្រូវបាន​ដាក់ពង្រាយ​​នៅ​ជុំវិញ​ទីនោះ ដោយអម​ជាមួយ​​កម្លាំងប៉ូលិស​ និងភ្នាក់ងារ​ការពារ​ប្រធានាធិបតី​ប្រចាំការ​ជាប់​ ២៤ម៉ោងពេញ៕