(ហាវ៉ៃ)៖ នាយរដ្ឋមន្រី្តជប៉ុន លោក ស៊ីនហ្សូ អាបេ បានបំពេញដំណើរ​ទស្សនកិច្ច​មួយជា​ប្រវត្តិសាស្ត្រ​នៅថ្ងៃអង្គារ ទៅកាន់មូលដ្ឋានទ័ពអាកាសអាមេរិក Pearl Harbour​ ដោយលោក​បានចូលរួម​រំលែក​មរណៈទុក្ខ​ដល់កងទ័ព​អាមេរិកច្រើន​ជាង ២,០០០នាក់ដែលបាន​ស្លាប់ នៅក្នុងការ​វាយប្រហារទម្លាក់​គ្រាប់បែក ពីសំណាក់កងទ័ព​ជប៉ុន​កាលពី​ជាង ៧០ឆ្នាំមុននៃអំឡុងសម័យសង្រ្គាម​លោកលើកទី២ ប៉ុន្តែគ្មានឡើយ​ពាក្យ​សូមទោស​ចេញពីមាត់លោកអាបេ ខណៈលោក អូបាម៉ា អះអាងថាបច្ចុប្បន្ន​ទំនាក់ទំនងរវាងអាមេរិក-​ជប៉ុន រឹងមាំលើសពេលណាៗ​ទាំងអស់។ ​នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦។​

ដំណើរទស្សនកិច្ច​របស់លោក អាបេ ធ្វើឡើងនៅរយៈពេល ៧ខែបន្ទាប់ពី​ប្រធានាធិបតី​អាមេរិក ជិតផុត​​អាណត្តិ​លោក បារ៉ាក់ អូបាម៉ា បានទៅទស្សន​កិច្ចនៅឯ​ទីក្រុងហ៊ីរ៉ូស៊ីម៉ា​ ក៏ដូចជាគោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​រាប់ពាន់នាក់​ដែលបានស្លាប់ ​ដោយសារ​ការទម្លាក់គ្រាប់បែកបរមាណូ របស់​កងទ័ពអាមេរិក។ ប៉ុន្តែនៅក្នុង​ឱកាស​នោះដែរ​លោក អូបាម៉ា មិនបានធ្វើការ​សូមទោស​ឡើយ ហើយដោយឡែកក្រៅតែពីគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកមរណៈទុក្ខដល់ជនរងគ្រោះ នៅថ្ងៃអង្គារម្សិលមិញ នាយករដ្ឋមន្រ្តីជប៉ុន ក៏មិនបាន សូមទោស​សហរដ្ឋអាមេរិក​នោះដែរ។​

លោក អាបេ លើកឡើងដូច្នេះថា៖ «ក្នុងនាមជា​នាយករដ្ឋមន្ត្រី​ជប៉ុន ខ្ញុំសូមសម្ដែង​មរណៈទុក្ខដោយស្មោះត្រង់ ​ចំពោះអ្នកដែល​បានបាត់បង់​ជីវិត​នៅទីនេះ (Pearl Habour) [...]​ ហើយយើងមិនគួរ​បង្កឱ្យមានសង្រ្គាម​ដ៏គួរ ឱ្យភ័យខ្លាចនេះជាថ្មីម្ដង​ទៀតនោះទេ»។ ចំណែកឯ​លោក អូបាម៉ា ក៏បានទទួល​ស្គាល់​ដែរថា «សម្ព័ន្ធភាព​របស់​យើង (អាមេរិក -​ជប៉ុន) មិនធា្លប់​ដែលបានរឹងមំាដូចពេលបច្ចុប្បន្ននេះទេ [...] ចរិតលក្ខណៈ​របស់ប្រទេសមួយ ​ត្រូវបានកំណត់​នៅក្នុងសង្រ្គាម ប៉ុន្តែវាក៏ត្រូវ​បានកំណត់ផងដែរនៅក្នុងសន្តិភាព។ ខ្ញុំសង្ឃឹមថា​យើងទាំងអស់​គ្នា​អាចនឹងបញ្ជូនសារមួយ ទៅកាន់ពិភពលោក នោះគឺជ័យជម្នះមិនមែនជាសង្រ្គាមនោះទេ តែជាសន្តិភាព ការផ្សះផ្សា និងភាពមិនសងសឹកគ្នា​ទៅវិញទៅមក»

គួររំលឹកថា ការវាយប្រហារទម្លាក់គ្រាប់បែក​របស់កងទ័ពជប៉ុន លើមូលដ្ឋានទ័ព Pearl Harbour បានផ្ដាច់យកជីវិតកងទ័ព អាមេរិកច្រើនជាង ២,០០០នាក់ ហើយវាក៏ជាកត្តាមួយផងដែរ ជំរុញឱ្យសហរដ្ឋអាមេរិក ចូលរួមពេញទំហឹងក្នុងសង្រ្គាមលោកលើកទី២៕