(ពិភពលោក)៖ នៅសល់ត្រឹមរយៈពេលប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ឆ្នាំ២០១៦ នឹងរំកិលផុតទៅជំនួសវិញដោយឆ្នាំ២០១៧។ ដោយពីមួយឆ្នាំទៅមួយឆ្នាំ មានព្រឹត្តិការណ៍ជាច្រើនបានកើតឡើងទូទាំងពិភពលោក។ ឆ្លៀតឱកាសនេះ យើងសូមសង្ខេបឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតឡើងកាលពីឆ្នាំ២០១៦កន្លងទៅនេះ៖

* ខែមករា៖
• ថ្ងៃទី០៣ ខែមករា ប្រទេស អារ៉ាប៊ីសាអូឌីតបញ្ចប់ទំនាក់ទំនងការទូតជាមួយប្រទេស អ៊ីរ៉ង់។
• ថ្ងៃទី១៦ ខែមករា ភ្នាក់ងារថាមពលអាតូមិកអន្តរជាតិហៅកាត់ថា IAEA បានប្រកាសថា ប្រទេស អ៊ីរ៉ង់បញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊េរ ដើម្បីជាថ្នូរនឹងការដកទណ្ឌកម្មពីប្រទេសនេះភ្លាមៗពីសំណាក់អង្គការសហប្រជាជាតិ។
• ថ្ងៃទី២៨ ខែមករា អង្គការសុខភាពពិភពលោកហៅកាត់ថា WHO ប្រកាសពីការរីករាលដាលជាថ្មីនៃជំងឺ Zika។

* ខែកុម្ភៈ៖
• ថ្ងៃទី៧ ខែកុម្ភៈ ប្រទេស កូរ៉េខាងជើង បាញ់គ្រាប់រ៉ុកកែតចម្ងាយឆ្ងាយទៅកាន់លំហអាកាស ដោយបានបំពានលើសន្ធិសញ្ញាអង្គការសហប្រជាជាតិ និងបង្កឱ្យមានការរិះគន់ជាខ្លាំងពីសំណាក់ពិភពលោកទាំងមូល។

* ខែមីនា៖
• ថ្ងៃទី២១ ខែមីនា តុលាការឧក្រិដ្ឋកម្មអន្តរជាតិហៅកាត់ថា ICC បានរកឃើញថា អនុប្រធានាធិបតីកុងហ្គោ លោក Jean-Pierre Bemba បានប្រព្រឹត្តបទឧក្រិដ្ឋសង្គ្រាម និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ព្រមទាំងបានប្រព្រឹត្តអំពើហិង្សាផ្លូវភេទ ដែលនេះជារឿងក្តីដំបូងបំផុតរបស់ ICC។
• ថ្ងៃទី២២ ខែមីនា គ្រាប់បែកបីគ្រាប់ត្រូវបានបំផ្ទុះឡើងនៅក្នុងទីក្រុង ប្រុចសែល ប្រទេស ប៊ែលហ្ស៊ីក បណ្តាលឱ្យមនុស្ស២៣នាក់ស្លាប់ និង២៥០នាក់រងរបួស។ ពួកឧទ្ទាម ISIS បានប្រកាសថា ជាអ្នកប្រព្រឹត្តបទល្មើសនេះ។
• ថ្ងៃទី២៧ ខែមីនា គ្រាប់បែកអត្តឃាតត្រូវបានបំផ្ទុះឡើងនៅប្រទេសប៉ាគីស្ថាន បណ្តាលឱ្យមនុស្ស៧៥នាក់ស្លាប់ និង៣៤០នាក់រងរបួស។ពួកឧទ្ទាមISIS បានប្រកាសថាខ្លួនជាអ្នកប្រព្រឹត្ត ដែលមានគោលដៅវាយប្រហារទៅលើពួកអ្នកគោរពប្រតិបត្តិសាសនាគ្រិស្ត។

* ខែមេសា៖
• ថ្ងៃទី២ ខែមេសា ការប្រឈមមុខដាក់គ្នារវាងក្រុមយោធា Armenian និងក្រុម Azerbaijani បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១៩៣ស្លាប់ ហើយវាបានក្លាយ ជាព្រឹត្តិការណ៍​ដែលមានមនុស្សស្លាប់ច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងការអនុវត្តបទឈប់បាញ់កាលពីឆ្នាំ១៩៩៤កន្លងទៅនេះ។

* ខែឧសភា៖
• ថ្ងៃទី១៩ ខែឧសភា យន្តហោះអេហ្ស៊ីប Egypt Air Flight 804 ដែលធ្វើដំណើរពីទីក្រុង ប៉ារីស ទៅកាន់ទីក្រុងគីវបានជួបឧប្បតិវហេតុធ្លាក់យន្តហោះ ធ្វើឱ្យមនុស្សទាំងអស់​៦៦នាក់ស្លាប់។
• ថ្ងៃទី៣០ ខែឧសភា អតីតប្រធានាធិបតីប្រទេស ឆាដ លោក Hissene Habre ត្រូវបានដាក់ទោសក្នុងពន្ធធនាគារអស់មួយជីវិត ពីបទប្រព្រឹត្ត ឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ក្នុង​ពេលដែលលោកកាន់ដំណែងពីឆ្នាំ១៩៨២ដល់១៩៩០ ដែលនេះជាលើកទីមួយហើយ ដែលតុលាការរបស់ សហភាពអាហ្វ្រិកកាត់​ទោសទៅលើអតីត​មេដឹកនាំបែប​នេះ។

* ខែមិថុនា៖
• ថ្ងៃទី០១ ខែមិថុនា ផ្លូវរូងក្រោមដី Gotthard Base Tunnel ដែលជាផ្លូវរថភ្លើងរូងក្រោមដីវែងជាងគេ និងជ្រៅជាងគេលើពិភពលោក នៅប្រទេសស្វីស ត្រូវបានបើកដំណើរ បន្ទាប់ការងារសាងសង់ដោយប្រើប្រាស់រយៈពេលជាង២ទសវត្សរ៍ ត្រូវបានចប់ជាស្ថាពរ។
• ថ្ងៃទី២៣ ខែមិថុនា ចក្រភពអង់គ្លេស ធ្វើប្រជាមតិដើម្បីចាកចេញពីសហភាពអឺរ៉ុប។
• ថ្ងៃទី២៨ ខែមិថុនា ពួកឧទ្ទាម ISIL បានប្រកាសថា ខ្លួនបានធ្វើការវាយប្រហារទៅលើអាកាសយាន្តដ្ឋាន Ataturk ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដែលបណ្តាលឱ្យ មនុស្ស៤៥នាក់ស្លាប់ និង២៣០នាក់រងរបួស។

* ខែកក្កដា៖
• ថ្ងៃទី០៤ ខែកក្កដា យាន្តអវកាស Juno របស់អង្គការ NASA ត្រូវបានបញ្ជូនទៅកាន់តារាវិថីជុំវិញភពព្រហស្បតិ៍ និងចាប់ផ្តើមដំណើរការ ស្រាវជ្រាវរយៈពេល​២០ខែនៅ​ភពមួយនេះ។
• ថ្ងៃទី១២ ខែកក្កដា ប្រទេស ហ្វីលីពីនឈ្នះក្តីប្រឆាំងចិន ដែលប្រកាសដែនអធិបតេយ្យភាពរបស់ខ្លួននៅសមុទ្រចិនខាងត្បូងដោយចាត់ទុកថាសេចក្តីប្រកាសនេះជារឿងមិនស្របច្បាប់។

* ខែសីហា៖
• ថ្ងៃទី០៥ ដល់ថ្ងៃទី២១ ខែសីហា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១៦ ត្រូវបានប្រព្រឹត្តទៅនៅទីក្រុង Rio de Janeiro ប្រទេស ប្រេហ្ស៊ីល។

* ខែកញ្ញា៖
• ថ្ងៃទី០៣ ខែកញ្ញា គេរកឃើញថាសហរដ្ឋអាមេរិក និងចិនជាប្រទេសដែលបញ្ចេញឧស្ម័នកាបូនច្រើនជាងលើពិភពលោក ដោយសរុបចូលគ្នាមានចំនួន រហូតដល់៤០ភាគរយនៃបរិមាណឧស្ម័នកាបូនទាំងអស់។ ប្រទេសទាំងពីរបានយល់ព្រមផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងអាកាសធាតុពិភពលោកទីក្រុង ប៉ារីសកាលពីពេលថ្មីៗកន្លងទៅនេះ។
• ថ្ងៃទី០៩ ខែកញ្ញា រដ្ឋាភិបាលកូរ៉េខាងជើង បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរធំជាងគេលើកទីប្រាំ។
• ថ្ងៃទី២៨ ខែកញ្ញា ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិបានសន្និដ្ឋានថា យន្តហោះម៉ាឡេស៊ី Malaysia Airlines Flight17 ត្រូវបានបាញ់ទម្លាក់ដោយគ្រាប់មីស៊ីល ចេញពីតំបន់ក្រោមការគ្រប់គ្រងរបស់ក្រុមបះបោរដែលមានរុស្ស៊ីនៅពីក្រោយខ្នង។

* ខែតុលា៖
• ថ្ងៃទី១៣ ខែតុលា ប្រទេស ម៉ាលឌីវ បានប្រកាសពីសេចក្តីសម្រេចរបស់ខ្លួន ក្នុងការដកខ្លួនចេញពីក្រុមប្រជាជាតិជាសមាជិករបស់ Commonwealth។

* ខែវិច្ឆិកា៖
• ថ្ងៃទី០៨ ខែវិច្ឆិកា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីបន្តដំណែងពីលោកបារ៉ាក់អូបាម៉ា ដែលនឹងបញ្ចប់អាណិត្តទីពីររបស់ខ្លួននៅក្នុងពេលឆាប់ៗខាងមុខ។
• ថ្ងៃទី២៩ ខែវិច្ឆិកា យន្តហោះដឹកក្រុមកីឡាករប្រេហ្ស៊ីលធ្លាក់នៅប្រទេសកូឡុំប៊ី បណ្តាលឱ្យមនុស្ស៧៦នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួស ដោយសារបញ្ហា​បច្ចេកទេស និងអាកាសធាតុមិនល្អ។

* ខែធ្នូ៖
• ថ្ងៃទី០៥ ខែធ្នូ លោកដូណាល់ត្រាំ បានបញ្ឆេះកំហឹងចិន ដោយធ្វើកិច្ចសន្ទនាជាមួយប្រធានធិបតីតៃវ៉ាន់។ បច្ចុប្បន្នប្រធានាធិបតីជាប់ឆ្នោតរូបនេះ កំពុងធ្វើឱ្យ​ចិនបារម្ភជាខ្លាំង ដោយធ្វើការពិចារណាថាតើ គួរបន្តគោរពគោលនយោបាយចិនតែមួយជាបន្តទៀត ឬយ៉ាងណាដែលនេះជាក្តីបារម្ភបំផុតរបស់ចិន។
• ថ្ងៃទី០៧ ខែធ្នូ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន PIA ជាមួយនឹងមនុស្សចំនួន៤៧នាក់ បានធ្លាក់នៅក្នុងតំបន់ជួរភ្នំ ភាគខាងជើងប្រទេស ប៉ាគីស្ថាន បណ្តាលឱ្យមនុស្សទាំងអស់នៅលើយន្តហោះត្រូវស្លាប់បាត់បង់ជីវិត។
• ថ្ងៃទី២៥ ខែធ្នូ យន្តហោះរបស់ក្រសួងការពារជាតិ រុស្ស៊ី បានធ្លាក់នៅសមុទ្រខ្មៅ សម្លាប់មនុស្ស៩២នាក់ ខណៈដែលទើបហោះចេញពីទីក្រុង Sochi ភាគខាងត្បូង ប្រទេស រុស្ស៊ី ក្នុងគោលដៅឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាកាសរុស្ស៊ី នៅតំបន់ Hmeymim ប្រទេស ស៊ីរី ដើម្បីរៀបចំកម្មវិធីកំសាន្តសប្បាយសម្រាប់យោធា រុស្ស៊ីក្នុងឱកាសឆ្នាំថ្មីនេះ។

បកប្រែ និងសម្រួលដោយ៖ អ៉ឹត ចណ្ណា