(បរទេស)៖ មួយរយៈចុងឆ្នាំ២០១៦នេះ ករណីធ្លាក់យន្តហោះទាំងតូចទាំងធំ បានកក្រើកឡើងវិញ ជាពិសេស​ករណីធ្លាក់យន្តហោះនៅ កូឡុំប៊ី ស្លាប់កីឡាករបាល់ទាត់ប្រេស៊ីលជាង ៧០នាក់ និងពីរថ្ងៃមុននេះគឺករណី​ធ្លាក់យន្តហោះយោធារុស្ស៊ី ដែលបណ្តាលឲ្យមនុស្ស ៩២នាក់ស្លាប់ក្នុងដែនសមុទ្រខ្មៅ។ ជាធម្មតាក្រោយកើត​មានករណីធ្លាក់យន្តហោះ ក្រុមរុករកតែងតែស្វះស្វែងរកប្រអប់ខ្មៅជាបន្ទាន់ ដើម្បីបានដឹងពីមូលហេតុនៃការ​ធ្លាក់របស់យន្តហោះ។

ហេតុដូច្នេះសូមស្វែងយល់ អំពីព័ត៌មានសំខាន់ៗចំនួន៧យ៉ាង ពាក់ព័ន្ធនឹង Black Box ដូចខាងក្រោម៖

១. តើមានអ្វីខ្លះនៅ​ក្នុងBlack Box? Black Box ត្រូវបានបង្កើតឡើងរួមមាន Flight-data recorder និង Cockpit-voice recorder។ Flight-data recorder ជាឧបករណ៍ដាច់ដោយឡែកមួយ ដែល​មានតួនាទីរក្សាទុកនូវទិន្នន័យថ្មីៗ របស់យន្តហោះ ។ ចំណែក cockpit voice recorder ជាឧបករណ៍សម្រាប់​ថតសម្លេង​នៅលើយន្តហោះ រួមទាំង​សម្លេង​សន្ទនារបស់​អ្នកបើកបរ​ផងដែរ។

២. Black Box ធាតុពិតមានពណ៌ទឹកក្រូច៖ ជាទូទៅត្រូវបានគេលាប​ពណ៌ឆើតៗដើម្បីងាយស្វែងរក។ វាជាឧបករណ៍មិនជ្រាបទឹក និងវាអាចធន់ជាមួយនឹង​កម្លាំងទង្គិតរហូតដល់​ ៣,៤០០ដងដែលមានន័យថា វា​មានសមត្ថភាពធន់ខ្ពស់​ ទោះបីជាយន្តហោះត្រូវរងការប៉ះទង្គិចបាក់បែកខ្លាំងបែបណាក្តី។

៣. តើ Black Box មានទីតាំងស្ថិតនៅត្រង់ណា? ជាទូទៅវាត្រូវបានដាក់នៅ​ផ្នែកកន្ទុយនៃយន្តហោះ ដោយ​សារ​​វាជាទីតាំងដែលអាចរងផលប៉ះពាល់តិចជាងគេ​ ក្នុងករណីដែលមាន​ហេតុការណ៍ប៉ះទង្គិច​កើត​ឡើង។ យ៉ាងនេះក្តីទីតាំងនៃ Black Box គឺអាស្រ័យទៅលើប្រភេទនៃយន្តហោះនីមួយៗ។

៤. តើក្រុមស្រាវជ្រាវកំណត់ទីតាំងរក Black Box ដោយរបៀបណា? Black Box​ នឹងបញ្ចេញនូវសម្លេង​អាសន្នរបស់វា។ ក្រុមស្រាវជ្រាវចាំបាច់ត្រូវធ្វើយ៉ាងណា រកទីតាំងក្បែរៗឧបករណ៍នេះ ទើបអាចចាប់សម្លេងរបស់ Black Box បាន។ ក្រុមស្រាវជ្រាវអាចប្រើប្រាស់ឧបករណ៍ ស្រូបសម្លេងដើម្បីស្វែងរកបាន​ ដោយឧបករណ៍​ខ្លះអាចចាប់សម្លេងបាននៅក្នុងជម្រៅរហូតដល់ ៤.៥គីឡូម៉ែត្រ។ យ៉ាងនេះក្តី​ Black Box អាចមាន​បន្ត​បញ្ចេញសម្លេងបានត្រឹមតែ ៣០ថ្ងៃ ឬទាបជាងនេះប៉ុណ្ណោះ អាស្រ័យទៅតាមប្រភេទរបស់វា។

៥.តើវានឹងចំណាយពេលយូរប៉ុណ្ណាក្នុងការស្វែងរក Black Box? ក្នុងករណីខ្លះ ការស្រាវជ្រាវ​ត្រូវការពេល​រាប់ខែ ឬរហូតដល់រាប់ឆ្នាំក៏មាន។ ជាក់ស្តែង​ ករណីយន្តហោះ បារាំង ៤៤៧ ជាមួយអ្នកដំណើរ​ ២២៨នាក់ ដែលបានបាត់ដំណឹងកាលពីឆ្នាំ២០០៩ កន្លងទៅនេះ ក្រុមស្រាវជ្រាវចំណាយពេលត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្នុងការរកសាកសព និងបំណែកខ្លះៗរបស់យន្តហោះ។ តែពួកគេត្រូវចំណាយពេល​រហូតដល់​ជាង ២ឆ្នាំ ដើម្បី​រកផ្នែកដ៏សំខាន់នៃយន្តហោះ និងឧបករណ៍ Black Box នេះ។ ចំណែកករណី MH370 របស់ប្រទេសម៉ាឡេស៊ីវិញ រហូតមកទល់ពេលនេះ ក្រុមការងារនៅតែមិនទាន់រកឃើញនៅឡើយ បន្ទាប់ពីបាន​បាត់​ដំណឹងតាំងពីថ្ងៃទី០៨ ខែ​មីនា ឆ្នាំ២០១៤កន្លងទៅនេះ។

៦. តើមានរឿងអ្វីកើតឡើង ប្រសិនបើ Black Box ត្រូវបានរកឃើញ? ក្រុមអ្នកស៊ើបអង្កេត​នឹងធ្វើការ​វិភាគ​ ទៅលើ​ទិន្នន័យនានាដែលទទួលបានពី Black Box ដែលដំណើរការនៃការវិភាគនេះ​ អាចត្រូវការរយៈ​ពេល​ពីរ​​ទៅបីថ្ងៃ។ យ៉ាងនេះក្តី មានតែប្រទេសមួយចំនួនតូចតែប៉ុណ្ណោះ​ ដែលអាចមានសមត្ថភាពក្នុង​ការ​វិភាគទិន្នន័យនេះបាន ​ក្នុងនោះមានដូចជា សហរដ្ឋអាម៉េរិក កាណាដា អូស្ត្រាលី ចក្រភពអង់គ្លេស និងបារាំង។

៧.តើមានមធ្យោយបាយអ្វីផ្សេងទៀត ក្នុងការរក្សាទិន្នន័យលើយន្តហោះ ជំនួសឲ្យការប្រើប្រាស់ Black Boxដែរឬទេ? បន្ទាប់ហេតុការណ៍គ្រោះថ្នាក់ នៃយន្តហោះដ៏រន្ធត់នៅក្នុងឆ្នាំ២០១៤នេះ ជម្រុញឲ្យមានការ​ជជែកពិភាក្សា​ ដោយរក្សាទិន្នន័យរបស់យន្តហោះ ជាមួយនឹងផ្កាយរណបវិញ ដែលអាចបញ្ជូន​ព័ត៌មាន​មកវិញបាន នៅពេលដែលត្រូវ​ការ។ ការពិតទៅប្រព័ន្ធបែបនេះ ត្រូវបានបង្កើតរួចទៅហើយ ហើយបច្ចុប្បន្ននេះមានយន្តហោះ ប្រហែលពីរបីរយគ្រឿងដែល​បានបំពាក់ប្រព័ន្ធបែបនេះ។ ប៉ុន្តែវាជាប្រព័ន្ធ​មិនសូវមានអ្នកនិយម ដោយសារភាពកម្រនៃ​គ្រោះថ្នាក់​របស់យន្តហោះនីមួយៗ បូករួមទាំង​តម្លៃ​ដ៏ថ្លៃរបស់​វាថែមទៀតផង។ មិនថាការបំពាក់ និងដំណើរការនៃបញ្ជូនព័ត៌មាន ពីផ្កាយរណប​នៃយន្តហោះនីមួយៗ សុទ្ធតែចំណាយថវិការច្រើនបំផុត។ របាយការណ៍មួយបង្ហាញថា សម្រាប់​ក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាម៉េរិក អាចត្រូវការចំណាយប្រាក់ចំនួន ​៣០០លានដុល្លារក្នុងមួយឆ្នាំ ក្នុងការបញ្ជូន​ព័ត៌មាន​នៃយន្តហោះទាំងអស់​ពី​ផ្កាយរណប ទោះបីជាតម្លៃនេះត្រូវបានបញ្ចុះ ៥០ភាគរយទៅហើយក្តី៕