(​វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត លោក ដូណាល់​ ត្រាំ បានរិះគន់យ៉ាងខ្លំាងចំពោះ​អង្គការ​សហ​ប្រជាជាតិ​ដោយបានហៅ​ស្ថាប័នអន្តរជាតិ​មួយនេះ​ថាគ្រាន់តែជា «ក្លឹបមួយ​សម្រាប់ក្រុមមនុស្ស​ជជែកគ្នា លេងសើចសប្បាយ​តែប៉ុណ្ណោះ» ហើយដែល​ប្រតិកម្មនេះ បាន​ធ្វើឡើងបន្ទាប់ពីអង្គការសហប្រជាជាតិ​អនុម័ត​លើដំណោះស្រាយថ្កោលទោស​ចំពោះការធ្វើអាណានិគម​របស់​អ៊ីស្រាអែល នៅលើដែនដី​ប៉ាឡេស្ទីន។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today​ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦។

កាលពីថ្ងៃទី២៣ ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ បានអនុម័តលើ​សេចក្ដីព្រាង​ដំណោះស្រាយ​មួយដោយបាន​ថ្កោលទោស និង​ជំរុញឱ្យអ៊ីស្រាអែល​បញ្ឈប់ជាបន្ទាន់​នូវការធ្វើអាណានិគម​លើដែនដី​ប៉ាឡេស្ទីន រួមទាំងតំបន់ហ្សេរុយសាឡឹមខាងកើត ដែលទង្វើនេះត្រូវ​បានចាត់ទុកថា​ជាការរំលោភ​យ៉ាងធ្ងន់ធ្ងរ​លើច្បាប់​អន្តរជាតិ។ ក៏ប៉ុន្តែលោក ដូណាល់ ត្រាំ បានរិះគន់លើ​ដំណោះស្រាយនេះ​ដោយសរសេរនៅលើ Twitter​ ថា «អង្គការសហប្រជាជាតិ​ធ្លាប់ជាស្ថាប័នដ៏មាន​សក្ដានុពល តែបច្ចុប្បន្នគ្រាន់តែជាក្លឹបមួយ​ដែលគេ​ប្រមូល​ផ្ដុំក្រុមមនុស្ស​ដើម្បីជជែក និងលេងសើចសប្បាយ​ប៉ុណ្ណោះ ហើយនេះពិតជារឿងគួរឱ្យសោក ស្ដាយបំផុត!»

គួរបញ្ជាក់ថា​នៅក្នុងការបោះឆ្នោតអនុម័ត លើដំណោះស្រាយថោ្កលទោស​អ៊ីស្រាអែល សហរដ្ឋអាមេរិក មិនបានប្រើសិទ្ធិវ៉េតូ ឬសិទ្ធិជំទាស់នោះទេ តែបានធ្វើអនុប្បវាទ រីឯអ៊ីស្រាអែល​ក៏បានកោះហៅ​មន្ត្រី​ទូតអាមេរិកមកបំភ្លឺផងដែរ៕