(តូក្យូ)៖ នាយករដ្ឋ​មន្រ្តីជប៉ុន​លោក ស៉ីនហ្សូ អាបេ បានឆ្លៀតឱកាស​សម្តែងការគោរព​ នៅតាមកន្លែង​គោរពវិញ្ញាណក្ខន្ធ​មួយចំនួន​នៅ​កោះ​ហាវ៉ៃ សហរដ្ឋអាមេរិក មុនដំណើរទស្សនកិច្ច​របស់លោក​ ទៅកាន់​កំពង់ផែ Pearl Harbor ដែលជាមូលដ្ឋានយោធាជើងទឹក​របស់អាមេរិក ដែលបានទទួល​រងការវាយប្រហារ​ ដោយកងទ័ព​របស់អធិរាជ​​ជប៉ុន ​កាលពី​ឆ្នាំ១៩៤១។ នេះបើតាមការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន BBC នៅមុននេះបន្តិច​នាព្រឹក​ថ្ងៃអង្គារ​ ទី២៧ ខែធ្នូ ឆ្នាំ២០១៦។

បន្ទាប់ពីបានចាកចេញ​ពីលើ​យន្តហោះ លោកនាយករដ្ឋមន្រ្តី​ជប៉ុន​ ជាដំបូង​បានធ្វើដំណើរ​ឆ្ពោះទៅ​កាន់ទី​លានបញ្ចុះ​សាកសព​ជាតិ​​ នៃ​តំបន់​មហាសមុទ្រ​​ប៉ាស៉ីហ្វិក ដែលជាកន្លែងគោរពវិញ្ញាណក្ខន្ធ​ នៃយុទ្ធជន​ដែលបានពលី​ជីវិត​ក្នុង​បុព្វហេតុជាតិ និងស្ថិតនៅចំកណ្តាល​ទីក្រុង​ហូ​ណូ​លូ​លូ (Honolulu) ហើយលោក ស៉ីនហ្សូ អាបេ បានដាក់កម្រង​ផ្កាមួយបាច់​នៅទីនោះ និងបានចំណាយពេលមួយសន្ទុះ​​ ដើម្បី​ឈរ​សម្តែង​ការ​គោរព​យ៉ាងស្ងៀមស្ងាត់។

​នៅថ្ងៃពុធស្អែកលោក ស៉ីនហ្សូ អាបេ នឹងអមដំណើរ​ដោយប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា ដែលវានឹងក្លាយជា​ដំណើរទស្សនកិច្ច​​លើក​ទីមួយ ​​​មិន​ធ្លាប់​មានឡើយ​​ ដោយមេដឹកនាំ​នៃប្រទេសទាំងពីរ​ទៅកាន់​កំពង់ផែ Pearl Harbor គិតចាប់តាំងតែពី​ការវាយប្រហារ​​បាន​កើត​​មានឡើង ហើយ​លោក​ទាំង​ពីរ នឹងធ្វើការ​​បន់​ស្រន់​​បួង​សួង​​នៅនឹង​កន្លែង​ ដែលបាន​ទទួលរង​ការវាយប្រហារផ្ទាល់នេះ ​ចំពោះ​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ ប៉ុន្តែលោក អាបេ នឹងមិនធ្វើការសូមទោស​នោះឡើយ​ ចំពោះអ្វី​ដែលបានកើតឡើង​កាលពីអតីតកាល។

ដោយឡែកក្រោយមកទៀត លោកនាយករដ្ឋមន្រ្តីជប៉ុន និងលោកប្រធានាធិបតីអាមេរិក នឹងមាន​កិច្ចពិភាក្សា​គ្នា​មួយនៅកោះហាវ៉ៃ ដែល​ជា​កិច្ច​ប្រជុំ​ចុង​ក្រោយបង្អស់រវាងមេដឹកនាំទាំងពីររូប នៅមុនពេលដែលលោក អូបាម៉ា ចាកចេញពីកៅអីជាប្រធានាធិបតីនាខែមករា ឆ្នាំ២០១៧​ ឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ដែរថា កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៤១ កងទ័ពជើងទឹក​របស់អធិរាជ​ជប៉ុន​ បានលួចបើក​ការវាយប្រហារ​ដ៏គួរឲ្យភ្ញាក់ផ្អើល​បំផុត​ ទៅលើកងនាវាជើងទឹកអាមេរិក​ ដែលមានមូលដ្ឋាន​​នៅកំពង់ផែ Pearl Harbor នៃកោះហាវ៉ៃ ដោយភាគីអាមេរិក​ពុំបានដឹងខ្លួនជាមុននោះ​ឡើយ ដែលហេតុនេះហើយទើបធ្វើ​ឲ្យកងទ័ព ក៏ដូចជាប្រជាជនស៊ីវិល​អាមេរិករាប់ពាន់នាក់ បានបាត់បង់ជីវិត​នៅហេតុការណ៍​នោះ ហើយវា​ក៏ជាកត្តាដែលបង្ខំឲ្យអាមេរិកលូកដៃ​ ចូលក្នុងសង្រ្គាម​លោកលើកទីពីរ​ផងដែរ៕