(មូស្គូ)៖ ក្រុមគ្រួសារសាច់ញាតិ និងមនុស្សជាទីស្រឡាញ់នៃជនរងគ្រោះទាំង៩២នាក់ ​ដែលបាន​ស្លាប់ នៅ​ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ​យោធារុស្ស៊ី Tu-154 នៅទីក្រុងស៊ូឈី នៅថ្ងៃអាទិត្យម្សិលមិញបានបង្ហាញ​ទុក្ខក្រៀម​ក្រំ​ឥតឧបមា តាមរយៈការចែករំលែកនូវអនុស្សាវរីយ៍ និងការចងចាំរបស់ចុងក្រោយរបស់ពួកគេ នៅលើបណ្ដាញទំនាក់ទំនងសង្គម ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦។

យោងតាម Russian Today ស្ត្រីម្នាក់ឈ្មោះ Yuia Galkina បានបង្ហោះ​រូបភាព​បុរសម្នាក់ស្ថិត​នៅក្នុង​ចំណោម​​ជនរងគ្រោះ​ជិះនៅលើ​យន្ដហោះយោធា​ធុន Tu-154 នៅលើបណ្ដាញទំនាក់ទំនងសង្គម VKontakte យ៉ាងដូច្នេះថា «កូនប្រុសរបស់ខ្ញុំ... ប្ដីជាទីស្រឡាញ់របស់ខ្ញុំ... នៅក្នុងជីវិតរបស់ខ្ញុំ បងគឺ​សំខាន់​បំផុត​នៅលើផែនដីនេះ ហើយខ្ញុំតែងតែនិយាយពាក្យនេះទៅកាន់បង... សូមបងស្ថិតនៅក្នុងសន្តិភាព»
ដោយឡែកស្រ្តីម្នាក់ទៀតមានស្វាមី​ជាសមាជិកម្នាក់ នៃក្រុមតន្រ្តីយោធារុស្ស៊ី ស្ថិតនៅក្នុងចំណោម​ជនរងគ្រោះ​ខាងលើ​ដែរនោះ បានបង្ហោះសារឆ្លើយឆ្លងជាមួយស្វាមី មុននឹងយន្ដហោះធ្លាក់​ដោយមានខ្លឹមសារថា «ឡើងទៅ​លើគ្រែដេកទៅ! ប្រពន្ធសំឡាញ់ បងមិនដឹងនោះទេថាការធ្វើដំណើរនេះនឹងត្រូវចំណាយពេលប៉ុន្មានម៉ោង ប៉ុន្តែបើត្រូវឆ្លងកាត់​ទីក្រុងស៊ូឈី វាអាចស៊ីពេលពី ៥ ទៅ ៦ម៉ោង... បងស្រឡាញ់អូន!»

គួរបញ្ជាក់ថាយន្ដហោះយោធារុស្ស៊ីធុន Tu-154 បានបាត់ចេញ​ពីប្រព័ន្ធរ៉ាដា នៅម៉ោង​ប្រមាណជា ០៥៖២៥នាទីទៀបភ្លឺ (ម៉ោងនៅក្នុងតំបន់) ក្រោយពេលហោះចេញពីទីក្រុងស៊ូឈី ​នៃភាគខាងត្បូង​ប្រទេស​រុស្ស៊ី ​ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់​ប្រទេសស៊ីរី ដើម្បីអបអរសារទរ ​និងរៀបចំការប្រគំតន្ត្រី​សម្រាប់កងទ័ព​រុស្ស៊ី ​ដែលកំពុង​ឈរជើងនៅក្នុងប្រទេសស៊ីរី។ ចំណែកឯមូលហេតុធ្លាក់ កំពុងស្ថិតនៅក្រោម​ការស៊ើបអង្កេត ខណៈប្រធានាធិបតីរុស្ស៊ី​ប្រកាសកាន់ទុកពេញមួយថ្ងៃ​ នៅទូទាំងប្រទេស ដោយចាប់ផ្ដើមនៅថ្ងៃចន្ទនេះ៕