(​មូស្គូ) ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្ដែងក្ដីមរណៈទុក្ខយ៉ាងជ្រាលជ្រៅ ដល់គ្រួសារសាច់ញ្ញាត្តិ ជនរងគ្រោះទំាង៩២នាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងធ្លាក់យន្ដហោះយោធារុស្ស៊ីមួយគ្រឿង នៅឯតំបន់ សមុទ្រខ្មៅ នៅថ្ងៃអាទិត្យនេះ ​ខណៈការកាន់ទុក្ខនឹងត្រូវចាប់ផ្ដើមនៅថ្ងៃចន្ទស្អែកនេះ នៅទូទាំង។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅយប់ថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០១៦។

យន្ដហោះយោធារុស្ស៊ីធុន TU-154  បានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅម៉ោងប្រមាណជា ០៥ ៖២៥ នាទីទៀបភ្លឺ (ម៉ោង នៅក្នុងតំបន់) ពីរនាទីក្រោយពេលហោះ​ចេញពីទីក្រុង​ស៊ូឈី នៃភាគខាងត្បូងប្រទេសរុស្ស៊ី ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ ប្រទេសស៊ីរី ដើម្បីអបអរសាទរ និងប្រារព្ធពិធីបុណ្យណូអ៊ែល សម្រាប់កងទ័ពរុស្ស៊ី ដែលកំពុងឈរជើងនៅស៊ីរី។ ភ្លាមៗ នោះដែរ ក្រោយទទួលបានដំណឹងធ្លាក់យន្ដហោះយោធានេះ វិមានក្រឹមឡាំង បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានសម្ដែងក្ដីមរណៈទុក្ខយ៉ាងជ្រាលជ្រៅក្រៀមក្រំ ជាទីបំផុត ដល់គ្រួសារសាច់ញ្ញាត្តិជនរងគ្រោះទំាង អស់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដ​ហោះយោធា​រុស្ស៊ី ដោយលោកកំណត់យកថ្ងៃចន្ទស្អែក នេះ ជាថ្ងៃកាន់ទុក្ខនៅទូទាំងប្រទេស។

គួរបញ្ជាក់ថា បើតាមវិមានក្រឹមឡាំង លោកប្រធានាធិបតីរុស្ស៊ី បានបញ្ជាជាបន្ទាន់ឱ្យបង្កើតគណៈកម្មាការស៊ើបអង្កេត មួយ សំដៅកំណត់មូលហេតុនៃគ្រោះ​ថ្នាក់យន្ដហោះយោធារុស្ស៊ីធុន TU-154៕