(ពិភពលោក)៖ ថ្ងៃឆ្លងឆ្នាំសកលពីឆ្នាំ២០១៦ ទៅឆ្នាំ២០១៧ នឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខ។ ប្រសិនបើលោកអ្នក និយមដំណើរកំសាន្តក្រៅប្រទេស តែមិនទាន់បានសម្រេចចិត្តថាតើត្រូវទៅកំសាន្តនៅទីណានោះ ខាងក្រោមនេះជាជម្រើសទីក្រុងទាំង១០ទូទាំងពិភពលោក ដែលសាកសមបំផុតសម្រាប់អ្នក​៖

១៖ ទីក្រុង ប៉ារីស ប្រទេស បារាំង
គ្មានអ្វីដែលអាចឱ្យអ្នកទទួលបានភាពរ៉ូម៉ែនទិកជាង​ការទស្សនា​ពន្លឺភ្លើងនាពេលរាត្រី និងកាំជ្រួចនៅក្បែរប៉ម Eiffel ក្នុងទីក្រុងប៉ារីសនោះឡើយ។ ប្រសិនបើលោកអ្នក​ចូលចិត្តភាពស្ងប់​ស្ងាត់នោះ ក្នុងឱកាសឆ្លងឆ្នាំសកលនេះ អ្នកអាចរីករាយជាមួយនឹងការជិះទូក​កំសាន្តតាមបណ្តោយទន្លេ Seine។ មិនដឹងថា តើអ្នកយល់បែបណានោះទេ នៅពេលដែលបាន​ចូលរួមប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកលនៅទីនោះ ដោយអ្នកនឹងបានជក់ចិត្តជាមួយនឹងទិដ្ឋភាពតាមដងផ្លូវក្នុងទីក្រុង ដែល​ពេញដោយមនុស្សរាប់​ពាន់នាក់ដែលអបអរសាទរ​ពិធីបុណ្យនេះជាមួយនឹងការញ៉ាំស្រា និងការរាំកំសាន្តជាដើម។ មនុស្សក៏អាចទិញកាំជ្រួចសម្រាប់ដុតកំសាន្តដោយខ្លួនឯងផងដែរ ដែលផ្តល់ឱ្យ​រាត្រីមួយនេះ កាន់តែមានពន្លឺចម្រុះពណ៌ និងអ៊ូអរ។

២៖ ទីក្រុង វ៉ាលផារ៉ាយសូ ប្រទេស ឈីលី
វាជារដ្ឋធានីវប្បធម៌របស់ប្រទេស ឈីលី ស្ថិតនៅតាមបណ្តោយជ្រលងភ្នំនៃ​មហាសមុទ្រប៉ាស៊ីហ្វីក ជា​ទីក្រុង មួយដែលមានភាពហ៊ឺហារបំផុតសម្រាប់កម្មវីធីឆ្លងឆ្នាំសកល។ ទីក្រុងនេះ រៀបចំកម្មវិធីឆ្លងឆ្នាំរយៈពេលបីថ្ងៃ ជាមួយនឹង​អ្នកមកកំសាន្តរាប់លាននាក់ដើម្បី​ទស្សនាការបាញ់កាំជ្រួចដ៏ល្បីល្បាញ ដែលជាកម្មវិធីបាញ់កាំជ្រួច​ធំជាងគេនៅ​អាមេរិកឡាទីន។ ទំនៀមទម្លាប់ដ៏ចម្លែកមួយនៅទីនោះ ដើម្បីទទួលបានសំណាងល្អសម្រាប់ឆ្នាំថ្មី ប្រជាពលរដ្ឋក្នុងតំបន់​និយមស្លៀកឈុតក្នុងពណ៌លឿង ញ៉ាំទំពាំងបាយជូ​ជាង១០គ្រាប់នៅពាក់កណ្តាលអាធ្រាត និងដាក់ក្រដាសប្រាក់១០០០ពេសូ នៅក្នុងស្បែកជើងរបស់ពួកគេ។

៣៖ ទីក្រុង អ៊ែឌីនបឺក ប្រទេស ស្កត់ឡែន
នៅទីនេះ ការអបអរសាទរពិធីបុណ្យឆ្លងឆ្នាំរយៈពេល៤ថ្ងៃ ក្នុងនោះរួមទាំងការដើរក្បួនព្យុះហយាត្រាទូទាំង​ទីក្រុង ការប្រគុំតន្រ្តី និង​ពិធីជប់លៀងនៅតាមដងផ្លូវ។ ទីក្រុងនេះជាកន្លែង​បាញ់កាំជ្រួចដ៏អស្ចារ្យបំផុតនៅទូទាំងពិភពលោក ដែលត្រូវបានប្រព្រឹត្តទៅនៅពាក់កណ្តាលរាត្រី ខណៈដែល​ពិធីជប់លាងបន្តរហូតដល់​បន្ទាប់ពីព្រះអាទិត្យរះឡើង។ នៅថ្ងៃទី០១ ខែមករា កម្មវិធីកំសាន្តនៅមានបន្តទៀតដូចជា ការរត់ប្រណាំង ការប្រណាំងមុជទឹកកក​ក្នុងទន្លេ Forth ប្រណាំងឆ្កែជិះស្គីលើទឹកកកជាដើម។

៤៖ ទីក្រុង ឡុនដ៍ ប្រទេស​ អង់គ្លេស
ការអបអរសាទរថ្ងៃឆ្លងឆ្នាំសកលនៅក្នុងទីក្រុងឡុងដ៍ មានច្រើនរូបភាពដូចជា ការ​បាញ់កាំជ្រួចយ៉ាងស្រស់ស្អាតជាមួយនឹង​សម្លេងកន្តឹងនៃនាឡិកាយក្ស Big Ben ដែលមាន​អ្នកមកកំសាន្តប្រមាណ​២៥០ពាន់នាក់ រួមជាមួយនឹងការរៀបចំពិធីជប់លៀងផ្សេង។ ពិធីដ៏អធិកអធមនេះក៏ត្រូវបានចូលរួមផងដែរ ​ពីសំណាក់អ្នកសំដែងជា​ច្រើននាក់ដែល​មានពីក្រុមផ្សេងៗ។ កម្មវិធីឆ្លងឆ្នាំសកលភាគច្រើនត្រូវបានប្រារព្ធឡើង​ពេញមួយរាត្រី ហើយបន្តរហូតដល់ថ្ងៃទី០១ ខែមករា នៃឆ្នាំថ្មី ដែលនឹង​មាននូវកម្មវិធី​ពិសេសៗ​ផ្សេងដូចជា ក្បួនព្យុះហយាត្រា ការបណ្តែតទូកចម្រុះពណ៌ និងអ្នករាំរបាំស្លៀកសម្លៀកបំពាក់ប្រពៃណី រួមជាមួយការដង្ហែ​សេះរបស់​ព្រះមហាក្សត្រីរបស់​ចក្រភពអង់គ្លេសជាដើម។

៥៖ ទីក្រុង ស៊ីដនី ប្រទេស អូស្រ្តាលី

ស៊ីដនីជារដ្ឋធានីមួយក្នុងចំណោមទីក្រុងផ្សេងៗទៀតនៅលើពិភពលោក ដែល​អស្ចារ្យបំផុតសម្រាប់ឱកាស​អបអរសាទរឆ្នាំសកល។​ ហេតុនេះវាមិនមែនជារឿង​គួរឱ្យភ្ញាក់​ផ្អើលនោះទេ ដែលអ្នកអាចអបអរសាទរពិធីឆ្លងឆ្នាំនៅទីនោះ ជាមួយនឹងជម្រើសជាច្រើនបែបច្រើនយ៉ាង។ នៅទីនោះ​លោកអ្នក អាច​ជិះទូកដើម្បីទស្សនាកាំជ្រួច នៅពាក់កណ្តាល​អាធ្រាត។ បើមិនដូចច្នេះទេ លោកអ្នកក៏អាច​កក់ភោជនីយដ្ឋាននៅក្បែរស្ពាន Harbour ដើម្បីអាចទស្សនាពន្លឺកាំជ្រួចដ៏អស្ចារ្យ។ មិនតែប៉ុណ្ណោះលោកអ្នក​ក៏អាចទស្សនា​កម្មវិធី​សំដែង​របស់ពួកជនជាតិភាគតិច ឬក្បួនទូកជាមួយនឹងពន្លឺចម្រុះពណ៌។ នៅតាមឆ្នេរ Bondi ក៏មានកម្មវិធីរាំកំសាន្តទ្រង់ទ្រាយធំផងដែរ។

៦៖ ទីក្រុង ញ៉ូវយក សហរដ្ឋអាមេរិក
នៅវេលាម៉ោង​១១៖៥៩នាទី ថ្ងៃទី៣១ ខែធ្នូ មនុស្សជាងមួយលាននាក់ បានធ្វើដំណើរមកដល់ទីនេះដើម្បីចូលរួមក្នុងពិធី​ជប់លៀងដ៏ល្បីល្បាញលំដាប់ពិភពលោក ជាមួយនឹងការប្រគុំតន្ត្រី និងការសរសេរបំណងប្រាថ្នារបស់អ្នកសម្រាប់ឆ្នាំថ្មីនៅលើជញ្ជាំង Wishing Wall ជាដើម។

៧៖ ទីក្រុង ម៉េលបន ប្រទេស អូស្រ្តាលី
ទីក្រុងមួយនេះ បានទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណកន្លះលាននាក់នៅក្នុង​​​ឱកាសឆ្លងឆ្នាំសកល។ នៅទីនេះមានការបាញ់កាំជ្រួចពីរកន្លែង។ នៅពាក់កណ្តាលរាត្រី ការ​តាំង​បង្អួតពន្លឺ បានធ្វើឡើងពេញទីក្រុង ជាមួយភាពចម្រុះពណ៌។ នៅតាមឆាកប្រគុំដន្ត្រីនីមួយៗ មានការសម្តែងដោយក្រុមជនជាតិភាគតិច តន្រ្តី Folk និងការរាំរបាំ​សាមបា​​របស់​ប្រទេស ប្រេហ្ស៊ីលជាដើមនៅតាមដងផ្លូវ និងតាមបណ្តោយមាត់ទឹក។ អ្នកទៅកំសាន្តនៅទីនោះ ក៏អាចរីករាយជាមួយ​ជាមួយក្បួនដង្ហែ និង​ការលេងកីឡា​ជាដើម។

៨៖ ទី​ក្រុងញ៉ូវអរលៀន រដ្ឋល្វីសាណា សហរដ្ឋអាមេរិក
ទីក្រុងមួយនេះទទួលបានភាពល្បីល្បាញ​ដោយជាកន្លែងសម្រាប់ រៀបចំពិធីជប់លៀងកំសាន្តសប្បាយដ៏អស្ចារ្យ វាក៏ជាកន្លែងទស្សនាការបាញ់កាំជ្រួចដ៏ស្រស់ស្អាត ជាមួយ​នឹង​ពន្លឺចម្រុះពណ៌ដែលចាំងជះលើផ្ទៃទឹកទន្លេ មីស៊ីស៊ីភី។ អ្វីដែលផ្តល់ភាពរីករាយបំផុតនោះគឺ ការរៀបចំពិធីជប់លៀងនឹងបន្តរហូតដល់ពេលព្រឹកព្រលឹម ជាមួយនឹងការ​ប្រគុំតន្រ្តី​នៅតាម​បារ និងក្លឹបរាត្រីជាដើម។

៩៖ ទីក្រុង បាងកក ប្រទេស​ថៃ
ទីក្រុង បាងកក ជាទីក្រុងដ៏អស្ចារ្យមួយ ដែលមានល្បីល្បាញជាកន្លែងសម្រាប់រៀបចំកម្មវិធីជប់លៀង ហើយក៏ជាកន្លែង​ដ៏ប្រសើរជាងបំផុតនៅ​អាស៊ីសម្រាប់ព្រឹត្តិការណ៍​ឆ្លងឆ្នាំសកល។ នៅថ្ងៃទី៣១ ខែធ្នូ គ្រប់បារ និងក្លឹបរាត្រីក្នុងទីក្រុងបាងកកពេញដោយភ្ញៀវកំសាន្ត ជាពិសេសគឺនៅ Central World ដែលមានមនុស្សរាប់រយពាន់នាក់​ប្រមូល​ផ្តុំ​គ្នាដើម្បី​ទស្សនា​ការប្រគុំតន្រ្តីជាដើម។ មិនតែប៉ុណ្ណោះនៅតាមភោជនីយ៍​ដ្ឋាននានា ក៏មាន​ការផ្តល់សេវាកម្មបម្រើ​អាហារពេល​ល្ងាច​នៅលើដំបូល និងការញ៉ាំស្រា ដែលផ្តល់​ភាពអស្ចារ្យបំផុតសម្រាប់អ្នកចង់ទស្សនាការបាញ់កាំជ្រួច ខណៈដែល​ភោជនីយដ្ឋាន បៀហ្គាដិនផ្សេងទៀតក៏ត្រូវបើកបម្រើភ្ញៀវនៅតាមដងផ្លូវ​ផងដែរ។

១០៖ ទីក្រុង បាសេឡូណា ប្រទេស អេស្ប៉ាញ

ជារដ្ឋធានីប្រទេស អេស្ប៉ាញ ជាកន្លែងកំសាន្តដ៏​ទាក់ទាញបំផុតសម្រាប់ថ្ងៃចុងក្រោយនៃឆ្នាំនីមួយៗ។ ក្នុងរយៈពេលប៉ុន្មានម៉ោងមុនឈានដល់ការឆ្លងឆ្នាំ ពិធីជប់លាង​ត្រូវ​បាន​រៀបចំឡើងនៅតាមទីកន្លែងសំខាន់ៗ ដោយមានមនុស្សចូលរួមកកកុញដើម្បី​ច្រៀងកំសាន្ត ញ៉ាំស្រា និង​រាប់លេខថយក្រោយជាដើម។ នៅតាមភោជនីយ៍ដ្ឋាន បារ និងក្លឹបរាត្រី មានរៀបចំកម្មវិធីពិសេសៗដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំ ខណៈដែលភ្លើងកាំជ្រួច​ត្រូវបានបាញ់បំភ្លឺឡើងនៅពេញផ្ទៃមេឃនៅតាមបណ្តោយឆ្នេរសមុទ្រ៕