(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ បានតែងតាំងអតីតប្រធានគ្រប់គ្រងយុទ្ធនាការ​ឃោសនាបោះឆ្នោត របស់​លោក​គឺលោកស្រី ឃែលឡៀន ខនវេយ៍ (Kellyanne Conway) ធ្វើជាទឹប្រឹក្សាជំនិតប្រធានាធិបតី ដែលប្រការនេះ ​នឹងធ្វើឲ្យលោកស្រីក្លាយជាស្រ្តីនៅ ឯសេត​វិមានដែល​មានឋានៈខ្ពស់ជាងគេបំផុត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍​ របស់​ក្រុម​ចាត់​ចែង​កិច្ច​ការ​ផ្ទេរ​តំ​ណែង​របស់​លោក ត្រាំ ដែលចេញផ្សាយ ដោយទីភ្នាក់​ងារព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦។

លោកស្រី ឃែលឡៀន ខនវេយ៍ វ័យ៤៩ឆ្នាំ ដែលបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់ នៃក្រុមចាត់ចែងកិច្ចការ​ផ្ទេរតំណែង​របស់លោក ដូណាល់ ត្រាំ ត្រូវបានគេចាត់ទុកថា ជាបុគ្គល​មួយរូបដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយលោក ត្រាំ រិះរកវិធីសាស្រ្តនៃការធ្វើយុទ្ធនាការ​ឃោ​សនា​​បោះ​ឆ្នោត ប្រកបដោយ​ក្បួនវិន័យ​ជាង​មុខ​ ​ដែល​រហូត​នាំ​ឲ្យ​ឈាន​ទៅដល់​ជ័យជម្នះដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើលរបស់លោក នៅក្នុងការបោះឆ្នោត​ជ្រើស​រើសប្រធានាធិបតីអាមេរិកកាលពីខែវិច្ឆិកាកន្លងទៅនេះ។

ដោយឡែកនៅក្នុងមុខតំណែងថ្មីវិញ លោកស្រី ខនវេយ៍ នឹងដើរតួនាទីជាទីប្រឹក្សាដ៏សំខាន់មួយរូប​ប្រចាំនៅសេតវិមាន នៅពេលដែល​លោក ដូណាល់ ត្រាំ ស្បថចូល​កាន់តំណែង​​ជាប្រធានាធិបតី នៃសហរដ្ឋអាមេរិកជាផ្លូវការនាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ដើម្បីជួយអ្នកជំនួញនៅក្នុង​ទីក្រុង ​ញូយ៉កដែលបានក្លាយ ជាមេដឹក​ប្រទេសមហាអំណាចមួយនេះគ្រប់គ្រងកិច្ចការសំខាន់ៗមួយចំនួន។

គួរបញ្ជាក់ថា នៅថ្ងៃដដែលនេះលោក ដូណាល់ ត្រាំ ក៏បានប្រកាសពីការបង្កើតក្រុម​ប្រឹក្សា​ពាណិជ្ជកម្មជាតិ​ប្រចាំ​សេតវិមាន (NTC) និង​បាន​តែង​តាំង​​​លោក​​បណ្ឌិត ភីតឺ ណាវ៉ារ៉ូ (Peter Navarro) ដែលអ្នកសេដ្ឋកិច្ចមួយរូប ធ្វើជាប្រធាន​ទីមួយ​នៃក្រុមប្រឹក្សាដែល​ទើប​ត្រូវ​បាន​បង្កើត​ឡើង​ថ្មី​​មិន​ធ្លាប់​មាន​នេះ​ផងដែរ៕