(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក​ជាប់ឆ្នោត​លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍​នេះ​​បានសន្យាថា​ នឹងធ្វើយ៉ាងណា​កាត់បន្ថយ​​ការចំ​ណាយ​​នៃកម្មវិធីផលិត​យន្តហោះចម្បាំងធុន F-35 របស់កងទ័ព​ជើង​​អាកាស​អាមេរិក ហើយលោក ត្រាំ ក៏បានឆ្លៀតឱកាស​ធ្វើការគូសបញ្ជាក់​​សាជាថ្មី​អំពីភាពខ្នះខ្នែង​របស់លោក​ក្នុងការបន្ថយ​ការចំណាយ​របស់រដ្ឋាភិបាល​ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន​ចិន ស៊ិនហួរ នៅមុននេះបន្តិច​នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន​នៅឯភូមិគ្រឹះ​លំហែរកាយ​ លោក ដូណាល់ ត្រាំ បាននិយាយថា «វា (គំរោងយន្តហោះ​ចម្បាំងធុន F-35) គឺជាកម្មវិធីមួយ​ដែលតម្លៃ​ដ៏សែន​ថ្លៃជាទីបំផុត​ដូច្នេះហើយ​យើងនឹងរិះ​រកមធ្យោបាយ​ធ្វើបែបណា​ឲ្យតម្លៃរបស់វាថយចុះ»។ លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ធ្ងន់ៗ​ទៅលើ​ការអភិវឌ្ឍ​យន្តហោះចម្បាំង​ប្រភេទ F-35 តាមរយៈបណ្តាញទំនាក់ទំនង​សង្គម Twitter ​ថា​ «គំរោង​ផលិត​យន្តហោះ​ចម្បាំងធុន F-35 និងតម្លៃរបស់វា​គឺលើសពីអ្វីដែល​អាចគ្រប់គ្រងបានហេតុដូចនេះថវិកា​រាប់ពាន់លានដុល្លារ​ក៏ដូចជានឹង​អាចកាត់បន្ថយនៅក្នុងការទិញដូរ​នៃវិស័យយោធា ក្រោយថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ (ជាថ្ងៃលោក ដូណាល់ ត្រាំ ចូលស្បថកាន់តំណែងជា​ប្រធានាធិបតីទី៤៥នៃសហរដ្ឋអាមេរិក)​។​»

ជាងនេះទៅទៀតការប្រកាសពី លោក ដូណាល់ ត្រាំ ខាងលើនេះ​ត្រូវបានធ្វើឡើង​​ក្នុងថ្ងៃជាមួយគ្នា​នៅពេលដែល​អនាគត​ប្រធានាធិបតី​រូបនេះ​​បានជួប​ពិភាក្សា​ជាមួយ​លោក ម៉ារីលី្លន ហ៊ូសុន (Marilly Hewson) នាយកប្រតិបត្តិ​ក្រុមហ៊ុន​ ឡក់ហ៊ីដ ម៉ាទីន (Lockheed Martin) ដែលជាអ្នក​ផលិត​យន្តហោះ​ចម្បាំងធុន F-35 ផងដែរ​ដើម្បីសំដៅពិគ្រោះ​​យោបល់​គ្នាអំពីការ​កាត់បន្ថយ​ តម្លៃនៃយន្តហោះចម្បាំង​ជំនាន់ថ្មី​ដ៏ទំនើប​បំផុតនេះ។

គួរបញ្ជាក់ថា​សាររបស់លោក ដូណាល់ ត្រាំ បានផ្តល់​ជាការពង្រឹង​បន្ថែមទៀត​ចំពោះសារអ៉ីម៉ែល​ស្តីពីវិស័យ​ការពារជាតិ​មួយ​ដែល​បានធ្លាយចេញ​កាលពីថ្ងៃពុធម្សិលមិញ ដែលរៀបរាប់យ៉ាងលម្អិត​អំពីបញ្ហា​ការពារជាតិ​ចម្បងៗដូចជាការកម្ចាត់ក្រុមរដ្ឋអ៉ីស្លាម ISIS, ការកសាងវិស័យ​ការពារ​ជាតិ​ដ៏រឹង​មាំមួយ, ការបង្កើនសមត្ថភាព​ទប់ទល់នូវការ​វាយលុកតាម​ប្រព័ន្ធអ៉ឺន​ធឺណែត, និងការកាត់បន្ថយការចំណាយ​ក្នុងរដ្ឋាភិបាល៕