(យូអិន)៖ ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិលោក Zeid Ra'ad Al Hussein បានថ្លែងនៅថ្ងៃពុធនេះថា អាជ្ញាធរហ្វីលីពីនគួរតែ​បើកស៊ើបអង្កេត​ទៅលើការអះ​អាងរបស់​លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលថាលោកបានបាញ់សម្លាប់​​មនុស្សប្រុស​ចំនួនបីនាក់ ខណៈ​ពេលដែលលោក​នៅកាន់ តួនាទីជាអភិបាលក្រុងដាវ៉ៅ (Davao)។ នេះបើតាមដកស្រង់ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់​ថ្ងៃពុធ ​ទី២១ ​ខែធ្នូ ឆ្នាំ២០១៦។

ប្រតិកម្មពីសំណាក់អង្គការសហប្រជាជាតិនេះត្រូវបានធ្វើឡើង បន្ទាប់ពីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាន​លាត​ត្រដាង​ឲ្យ​ដឹង​កាល​ពី​សប្តាហ៍​មុន​ថា​ រូប​លោក​ជារឿយៗតែង​តែធ្វើដំណើរ​ល្បាតតាមដងផ្លូវដោយ​ម៉ូតូ​ធំ​ និងធ្លាប់បានបាញ់សម្លាប់មនុស្ស​ប្រហែលបី​នាក់នៅក្នុងទីក្រុងនេះផងដែរ កាលពីលោកនៅ​កាន់​តំណែង​ជា​អភិ​បាល​​ក្រុងដៅវ៉ៅ​ចាប់​ពី​ឆ្នាំ​១៩៨៨ ​រហូតដល់​ឆ្នាំ​២០០៦​។

លោក Zeid បានគូសបញ្ជាក់ដូច្នេះថា៖ «ទង្វើបែបនេះប្រឆាំងទៅនឹងសិទ្ធិមនុស្សដែលបានចែងនៅក្នុងមាត្រាទី៣ នៃរដ្ឋធម្មនុញ្ញប្រទេសហ្វីលី​ពីន ហើយការ​សម្លាប់ ដែលត្រូវបានរៀបរាប់ ដោយលោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានរំលោភបំពានទៅលើច្បាប់អន្តរជាតិ​ជាច្រើនដែលស្តី​ពីសិទ្ធិ​មនុស្សផងដែរ»។ ជាមួយគ្នានេះដែរ ឧត្តមស្នងការសិទ្ធិ​មនុស្សរបស់ UN បានចោទប្រកាន់លោក ឌូតឺតេ ពី​បទ​ញុះ​ញង់​ឲ្យ​មាន​សម្លាប់​មនុស្សក្រៅប្រព័ន្ធតុលាការ និងជំរុញលើកទឹកចិត្តឲ្យ​មានបរិស្ថានរស់នៅដែលពោរពេញ​ទៅដោយអំពើហិង្សានិងនិទណ្ឌភាព។

គួរបញ្ជាក់ថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានចាប់ផ្តើមសង្រ្គាមបង្រ្កាបឧក្រិដ្ឋកម្មគ្រឿងញៀនរួមនិងបទឧក្រិដ្ឋផ្សេងៗ នៅ​ក្នុងប្រទេហ្វីលីពីន​​ចាប់​តាំង​តែ​ពីលោក​បាន​ឡើង​កាន់​​តំណែងជាប្រធានាធិបតីកាលពីខែមិថុនាមក ហើយលោក ឌូតឺតេ បានប្រើប្រាស់វិធានការដ៏ក្តៅគគុក​ប្រ​ឆាំង​ជា​ពិ​សេស​​ចំពោះ​អ្នករត់ពន្ធគ្រឿងញៀន ដោយលោកបាន​លើកឡើងថា ពួកគេគឺជាការគំរាមកំ​ហែងដ៏ខ្លាំងក្លាបំផុតដល់​ប្រទេសជាតិ ហើយ​គួរ​តែ​ត្រូវ​ទប់​​ទល់ជាមួយដោយប្រើប្រាស់គ្រប់វិធីសាស្រ្តដែលចាំបាច់។ បើតាមសេចក្តី​រាយការណ៍​ចុង​ក្រោយបំផុត មនុស្ស​មិន​តិច​ជាង​៦,១០០នាក់​នោះ​​ឡើយ​ ត្រូវបានសម្លាប់ក្នុងយុទ្ធនាការនេះដោយមន្រ្តីប៉ូលិស និងកម្លាំងប្រ​ជាជននៅរយៈ​ពេលជាច្រើនខែមកនេះ៕