(ហាណូយ)៖ ប្រទេសវៀតណាម​នឹងដាក់សម្ពោធឲ្យ​ប្រើប្រាស់ជាផ្លូវការ​ នូវស្ថានីយ៍ឃ្លាំមើលតារាសាស្រ្ត​ដំបូងបំផុត​នៅក្នុងខេត្ត Khanh Hoa ​ភាគកណ្តាលប្រទេស​នាខែមីនា ឆ្នាំ២០១៧។ នេះបើយោងតាម​មជ្ឈមណ្ឌលផ្កាយរណប​ជាតិវៀតណាម (VNSC) ដែលចេញផ្សាយដោយ​​ទី​ភ្នាក់​ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។

មជ្ឈមណ្ឌល VNSC បានឲ្យដឹងថា​ស្ថានីយខាងលើត្រូវបានសាងសង់ឡើង​នៅឯ​ តំបន់ថ្មភ្នំឈ្មោះថា Hon Chong ក្នុងទីក្រុង Nha Trang នៃខេត្ត Khanh Hoa ដែលស្ថិតនៅ​​ចម្ងាយប្រមាណ ១,០៤០គីឡូម៉ែត្រ​ពីភាគខាតត្បូង​នៃរដ្ឋធានី​ហាណូយ។ ស្ថានីយ​​ឃ្លាំ​មើល​ទី​អវ​កាស​នេះ​​ កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​បញ្ចប់ចុងក្រោយ ហើយវានឹងរួចរាល់​សម្រាប់ការធ្វើដំណើរការ​សាកល្បងនៅថ្ងៃចុង​ខែមករា​ឆ្នាំក្រោយនេះ ខណៈពិធីសម្ពោធជាផ្លូវការ​ត្រូវបានកំណត់ពេលវេលា​ នឹងធ្វើឡើងនាខែមីនា ឆ្នាំ២០១៧។

ប្រធានមជ្ឈមណ្ឌលផ្កាយរណបជាតិវៀតណាម លោក Pham Anh Tuan បានថ្លែងនៅថ្ងៃពុធនេះ​ថា​ កែវយឺតអវកាស​ដែលមាន​អង្កត់ផ្ចិត​​ប្រវែង ០.៥ម៉ែត្រនឹង​ត្រូវបំពាក់នៅខាង​ក្នុងស្ថានីយ​ដែលមានអង្កត់ផ្ចិត​ប្រវែង ០៩ម៉ែត្រ និងអាចផ្ទុកមនុស្ស​បានចំនួនដល់ទៅ​ ៦០នាក់ដែល​ទៅកាន់ទៅនោះ​ដើម្បីអង្កេតមើល​ទីលំហ​អាកាស​ដ៏ស្រស់ស្អាត ឬក៏ដើម្បីទស្សនាភាពយន្តអំពីពិភព និងតារាផ្សេងៗ ក៏ដូចជាដើមកំណើត​នៃ​ភពផែនដីរបស់យើងផងដែរ។

គួរបញ្ជាក់ថា​ក្រៅពីស្ថានីយឃ្លាំ​មើលតារាសាស្ត្រ «Hon Chong» ​ប្រទេស​វៀតណាមក៏កំពុងកសាង​ស្ថានីយ​​ដទៃមួយផ្សេងទៀត​ផងដែរ នៅក្នុងសារមន្ទីរ​​អវកាសវៀតណាម​ នៅឯតំបន់បច្ចេកវិទ្យាទំនើប Hoa Lac នៃទីក្រុងហាណូយ ដែលទាំងស្ថានីយ និង​សារ​មន្ទីរ​នឹង​បើក​ឲ្យ​ភ្ញៀវ​​ទេសចរ​ចូលកម្សាន្ត​បាននាពាក់កណ្តាល​ឆ្នាំ២០១៨ ហើយគំរោងនៃ​ការបង្កើតស្ថានីយទាំងពីរនេះ​ ​ត្រូវ​ចំណាយ​ថវិកាសរុបចំនួន​ ១២០​ពាន់​លាន​ដុង​ដែល​ស្មើ​នឹង​ ៥.៣លានដុល្លារសហរដ្ឋអាមេរិក។

បន្ថែមពីនេះ​ប្រទេសវៀតណាម​ក៏បានប្រកាសពីគំរោងនៃការបាញ់​បង្ហោះផ្កាយរណប​ដែលត្រូវបានផលិតឡើង​ដោយផ្ទាល់ដៃ​​ចំនួនពីរគ្រឿង​នៅឆ្នាំ២០១៩ និងឆ្នាំ២០២២ថែមទៀត​ផងខណៈអ្វីៗទាំងអស់នេះគឺស្ថិតនៅក្នុង​គំរោងវិទ្យាសាស្រ្ត​ និងបច្ចេកវិទ្យាដែល​ពោរពេញទៅដោយ​មហិច្ឆតាដ៏ធំធេង​បំផុតរបស់​ប្រទេស​​វៀត​ណាម ដែលត្រូវបានអភិវឌ្ឍន៍​ឡើងដោយ មជ្ឈមណ្ឌល​ផ្កាយរណប​ជាតិ​វៀតណាម ជាមួយការបណ្តាក់ទុន​វិនិ​យោគ​ចំនួន​​ ៦០០លាន​ដុល្លារ​អាមេរិក៕