(សេអ៊ូល)៖ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ ​​ដែលជិត​ផុតអាណត្តិ​ លោក បាន គីមូន បាន​បង្ហាញពី​ឆន្ទៈដោយប្រយោលជុំវិញមហិច្ឆតារបស់​លោក ក្នុងការឈរឈ្មោះ​ជា​ បេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូង នៅឆ្នាំ២០១៧ ក្នុងឱកាសដែល​លោកជួបជាមួយអ្នកសារព័ត៌មាន​កូរ៉េខាងត្បូងនៅ​ទីក្រុងញូយ៉ក នៅថ្ងៃអង្គារ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក)។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងនៅក្នុងឱកាសនោះដែរ​បើទោះជា​មិនបានបញ្ជាក់ចំៗ​ក៏ដោយ ប៉ុន្តែ លោក​ បាន គីមូន បានធ្វើឱ្យ​គេកត់​សម្គាល់ថា លោកអាចនឹងឈរឈ្មោះ ជាប្រធានាធិបតីកូរ៉េខាងត្បូង។​ «ខ្ញុំនឹងធ្វើការសម្រេចចិត្តលើបញ្ហានេះ នៅពេលខ្ញុំត្រឡប់ទៅ ប្រទេសកំណើតរបស់ខ្ញុំវិញ តែអ្វីដែលសំខាន់នោះ គឺឆន្ទៈប្រជាជនកូរ៉េខាងត្បូង»

ម្យ៉ាងវិញទៀតបើទោះជាខ្ញុំមាន​អាយុ ៧៣ឆ្នាំទៅហើយក្ដី​ ប៉ុន្តែខ្ញុំនៅតែមានឆន្ទៈក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី ប្រទេសជាតិរបស់ខ្ញុំដារាបណាខ្ញុំមាន សុខភាពល្អ»។ នេះគឺជាការលើកឡើងរបស់ លោក បាន គីមូន។ លោក បាន គីមូន បានបន្តថា «​ខ្ញុំនឹងលះបង់ដើម្បីការអភិវឌ្ឍប្រទេសកូរ៉េខាងត្បូង។ នយោបាយមិនអាចដើរ​ទៅតែ​ម្នាក់ឯងនោះទេ ប៉ុន្តែមេដឹកនាំ​នយោបាយត្រូវតែចេះ​លះបង់ខ្លួនឯងសម្រាប់បុព្វហេតុ​ប្រទេសជាតិ»

គួរបញ្ជាក់ថា​ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹង​រឿងអាស្រូវពុករលួយ​នយោបាយ ឆយ ស៊ូនស៊ីល លោក បាន គីមូន បានសង្កត់ធ្ងន់ថា ប្រជាជនកូរ៉េខាងត្បូង​នៅតែក្ដៅក្រហាយ និងខកចិត្តប្រឈមមុខនឹង​កង្វះ​អភិបាល​កិច្ចល្អដែលជាកំហុសរបស់​ថ្នាក់ដឹកនាំ និងប្រព័ន្ធនយោបាយប៉ុន្តែលោក​បានអះអាងថា​មិនបាននិយាយសំដៅ​លើមេដឹកនាំ​ណាម្នាក់​នោះទេ៕