(វ៉ាស៊ីនតោន)៖ អតីតតារាសម្ដែងហូលីវូដក្នុងរឿង Rambo​ លោក Sylvester Stallone បានបដិសេធ​សំណើ​របស់លោក ដូណាល់ ត្រាំ​ ដែលចង់តែងតាំងរូបលោក​ជាប្រធានមូលនិធិ​ជាតិសម្រាប់សិល្បៈ ហើយដែលការប្រកែក​នេះបានធ្វើឱ្យអ្នកគាំទ្ររូបលោក​មួយចំនួនខកចិត្តជាខ្លាំង។ នេះបើតាមសារព័ត៌មាន Daily Mail ដែលចុះផ្សាយបន្តដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។

យោងតាម Daily Mail ​អនាគតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានបំណងចង់តែងតំាងលោក Sylvester ជាប្រធានមូលនិធិសម្រាប់សិល្បៈ​ដែលជាទីភ្នាក់ងារ​ឯករាជ្យមួយដើរតួនាទីស្មើ នឹងក្រសួងវប្បធម៌ ខណៈនៅសហរដ្ឋ​អាមេរិកមិនមាន​ក្រសួងនេះឡើយ​។​ ប៉ុន្តែ​ជារឿងគួរឱ្យសា្ដយ​សម្រាប់លោក​ ត្រំា និងអ្នក​គាំទ្រ​របស់​លោក Sylvester បន្ទាប់ពីលោក​បដិសេធសំណើតែងតាំងនេះ។ លោក Sylvester មាន​អាយុ ៧០ឆ្នាំ បានប្រាប់កាសែត New York Times ដូច្នេះថា «ខ្ញុំបានបដិសេធ​នឹងសំណើតែងតាំងនេះ បើទោះជាវាជារឿងមួយ​នឹកស្មានមិនដល់ក៏ដោយ»

គួរបញ្ជាក់ថា​មូលនិធិជាតិសម្រាប់សិល្បៈ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៥ ​ដោយអតីតប្រធានាធិបតី​អាមេរិក លោក Lyndon Johnson ហើយបច្ចុប្បន្នទីភ្នាក់ងារមួយនេះ កំពុងស្ថិតនៅក្រោមការដឹកនាំរបស់លោក​ស្រី Jane Chu៕