(​ប៉េកាំង)៖ តំបន់ភាគខាងជើងប្រទេសចិន​នៅតែបន្តស្ថិតក្រោម​ផ្សែងអ័ព្ទ ក្នុងរយៈពេល​ ០៥ថ្ងៃជាប់ៗគ្នា គិតត្រឹម​ថ្ងៃពុធនេះ ស្របពេលដែល​ប្រជាជននៅក្នុងតំបន់​បានត្អូញត្អែថា វិធានការប្រកាស​សញ្ញា​អាសន្ន​ពុំទាន់ត្រូវបានអាជ្ញាធរអនុវត្តន៍ឱ្យបានត្រឹមត្រូវនៅឡើយទេ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។

ប្រជាជននៅក្នុងទីក្រុង Shijiazhuang នៃខេត្ត Hebei បានរិះគន់យ៉ាងខ្លាំងដល់អាជ្ញាធរ​សម្រាប់ការបណ្ដាយ​ឱ្យ​សាលារៀនជាច្រើននៅតែ​បន្តបើកទ្វារ បើទោះបីជាទីក្រុង​មួយនេះ​កំពុងស្ថិតនៅក្រោមការប្រកាសអាសន្ន​កំរិតពណ៌​ក្រហមនៃការបំពុលខ្យល់អាកាសខ្លាំងបំផុតក៏ដោយ។ តួយ៉ាងប្រជាជននៅក្នុងតំបន់ម្នាក់បាន​សរសេរនៅ Twitter Weibo ថា «យើងមិន​ដឹងនោះទេថា ពេលណាផ្សែងអ័ព្ទពុលនេះ​រលាយបាត់ ក៏ប៉ុន្តែ​​តើហេតុអ្វីបានជា​សាលារៀនជាច្រើន​នៅតែបន្ត​ដំណើរការដូចធម្មតា? ខណៈសិស្សសាលា នៅតែបន្ត​ពាក់ម៉ាស់​​ជាប់​ជានិច្ច និងស្ថិតនៅក្នុង​ថ្នាក់រៀនបិទទ្វារបង្អួច​យ៉ាងជិត ក្រោមខ្យល់អាកាស​ដ៏កខ្វក់»

គួរបញ្ជាក់ថា​រដ្ឋាភិបាលទីក្រុងប៉េកាំង បានចាប់ធ្វើសង្រ្គាម​ប្រយុទ្ធប្រឆាំង​នឹងការបំពុលខ្យល់​អាកាស កាលពី​ឆ្នាំ២០១៤ តាមរយៈការចាត់​វិធានការ​ដាក់កំហិតជាច្រើនលើ​អ្នកប្រើប្រាស់រថយន្ដ​ធុនធ្ងន់ បណ្ដារោងចក្រ និងសហគា្រសជាច្រើនដែលប្រើប្រាស់ថាមពលធ្យូងថ្ម៕