(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានប្រកាស​នៅ​ថ្ងៃពុធនេះ​​ ដោយបានដាក់​បញ្ជា​ឲ្យ​ហាមឃាត់​ជា​​អចិន្ត្រៃយ៍​​នូវ​ការ​បូម​ប្រេង​ និង​ឧស្ម័នផ្សេងៗនាពេលអនាគត នៅលើផ្ទៃទឹកនៃសមុទ្រ​អាក់ទិក​ និងតំបន់មួយចំនួនទៀត​នៅមហាសមុទ្រ​អាត្លង់ទិក ដែលនេះគឺជាកិច្ចខិតខំប្រឹងប្រែង​ចុងក្រោយ មុនពេល​ដែលលោកត្រូវចាកចេញ​ពីសេតវិមាន។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Fox News នៅ​មុននេះបន្តិចនា​ព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។

«នៅថ្ងៃនេះក្នុងភាពជាដៃគូ​ជាមួយអ្នកជិតខាង​ និងមិត្តរបស់យើងនៅក្នុង​ប្រទេសកាណាដា សហរដ្ឋអាមេរិក​កំពុងតែបោះជំហាន​ជាប្រវត្តិ​សាស្រ្ត​ ដើម្បីកសាងតំបន់សេដ្ឋកិច្ច​អាក់ទិក​ដ៏រឹងមាំ និងថែរក្សា​ឲ្យបានគង់វង្ស​នូវប្រព័ន្ធ​ជីវៈចំរុះ​នៅតំបន់អាក់ទិកដ៏ល្អមួយ ក៏​ដូច​ជា​ដើម្បី​ការ​ពារ​ផ្ទៃ​ទឹក​តំបន់​អាក់ទិក ​ដែលងាយនឹង​រងគ្រោះរបស់​យើង ​ដោយរួមបញ្ចូល​ទាំងការចាត់ដែនទឹក ​តំបន់អាក់ទិក​ដ៏ធំធេង និងតំបន់មួយចំនួននៅ​មហាសមុទ្រ​អាត្លង់ទិក ​ចូលជាកន្លែងហាមឃាត់​ជាអចិន្រ្តៃយ៍​ ចំពោះការបូមប្រេងនិងឧស្ម័ន»។ នេះបើតាម​សេចក្តីថ្លែងការណ៍​របស់សេតវិមាន​។

គួរបញ្ជាក់ថា ការបោះជំហានថ្មី​ដែលធ្វើឡើង ​ក្នុងគោលបំណង​ការពារប្រព័ន្ធ​ជីវៈចំរុះដ៏មានតម្លៃ និងមិនអាច​ជំនួស​បាននៃតំបន់​ខាងលើ គឺជា​សេចក្តី​ព្យាយាម​ចុងក្រោយរបស់ប្រធានាធិបតី​អាមេរិក ជិត​ផុតអាណត្តិ​រូបនេះ ដើម្បីការពារកេរ្តិ៍​តំណែលបរិស្ថាន​របស់លោក ហើយ​វា​ក៏​អាច​ជា​​វិធីសាស្រ្តមួយផងដែរ​ ដើម្បី​រារាំងអ្នកស្នង​តំណែងរបស់​លោក គឺប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ដែលធ្លាប់បានសន្យាអំពីគោល​នយោបាយ​ ដែលអនុញ្ញាតឲ្យមាន​ការផលិតថាមពល​ច្រើនជាងមុននេះ មិនងាយនឹងផ្លាស់ប្តូរបញ្ជានេះឡើយ៕