(អង់ការ៉ា)៖ ប៉ូលិសតួកគី​បានចាប់ខ្លួនមនុស្ស​យ៉ាងហោចណាស់ ០៦នាក់​នៅក្នុងក្របខ័ណ្ឌ​នៃការស៊ើប​អង្កេត ជុំវិញករណីឃាតកម្មលើ​អគ្គរដ្ឋទូត​រុស្ស៊ី លោក Andrey Karlov។ លោក Karlov​ ត្រូវបានខ្មាន់កាំភ្លើង​ជាមន្ត្រី​ប៉ូលិសតួកគីម្នាក់បាញ់សម្លាប់​នៅល្ងាចថ្ងៃចន្ទ អំឡុងពេលលោកកំពុង​ថ្លែងសុន្ទរកថា នៅឯពិធីតាំង​ពិព័រណ៍​រូបថតមួយកន្លែង​ក្នុងទីក្រុងអង់ការ៉ា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋតួកគី ដែលចេញផ្សាយបន្ត​នៅមុននេះបន្តិច​ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។

យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋតួកគី Anadolu​ អ្នកទាំង ០៦នាក់ខាងលើ​ត្រូវបានចាប់ខ្លួននៅភាគ​ខាងលិច​ខេត្ត Aydin គឺជាមនុស្សមានទំនាក់ទំនងជាមួយ​ខ្មាន់កាំភ្លើងរួមមាន ម្ដាយ ឪពុក បងប្អូនស្រី និង​មនុស្សពីរនាក់​ផ្សេងទៀត ខណៈមិត្តភក្តិម្នាក់​របស់ខ្មាន់កាំភ្លើង​ឈ្មោះ Mevlut Mert Altıntas ក៏ត្រូវចាប់​ខ្លួន​ផងដែរ​នៅក្នុងទីក្រុង​អង់ការ៉ា។

ដោយឡែកនៅថ្ងៃចន្ទដដែលនោះដែរ​សហរដ្ឋអាមេរិក បានឱ្យដឹងថា​បេសកម្មការទូតចំនួន០៣ទីតាំង​នៅតួកគី នឹងត្រូវបិទទ្វារ​បណ្ដោះអាសន្ន​ក្រោយមានការផ្ទុះអាវុធ​ នៅខាងមុខស្ថានទូតអាមេរិក​ប្រចំាទីក្រុងអង់ការ៉ា ស្ថិតនៅក្បែរ​ទីតាំងសាល​តាំងពិព័រណ៍រូបថត ដែលលោក Andrey Karlov ត្រូវបានគេបាញ់សម្លាប់។

គួរបញ្ជាក់ថា​ បើតាមប្រព័ន្ធផ្សព្វផ្សាយ និងអាជ្ញាធរតួកគី ខ្មាន់កាំភ្លើងដែលបាញ់​សម្លាប់លោក Andrel Karlov មាន​ឈ្មោះថា Mevlut Mert Altıntas អាយុ ២២ឆ្នាំ និងជាមន្ត្រីប៉ូលិសម្នាក់​ដែលបានបញ្ចប់ការ​សិក្សាពី​សាលាប៉ូលិស Izmir Police School។ ជាងនេះទៅទៀត​នៅមុន និងក្រោយបើក​ការបាញ់​ប្រហារ Altıntas បានស្រែកថា «កុំបំផ្លិចបំផ្លាញទីក្រុងអាឡេប៉ូ» និងឃ្លាមួយទៀតគឺ «Allahu Akbar» ដែលមានន័យថា​ «ព្រះជាម្ចាស់ធំបំផុត» បន្ទាប់មកជននេះក៏ត្រូវបានបាញ់សម្លាប់ ពេលធ្វើការបាញ់តដៃ​ជាមួយសមត្ថកិច្ចនៅក្នុងហេតុការណ៍នោះ៕