(ប៉េកាំង)៖ រដ្ឋាភិបាលប៉េកាំង​នាថ្ងៃអង្គារនេះ​បានប្រគល់កូននាវាមុជទឹក(Drone) ដែលនាវារបស់ខ្លួន​បាន​ឃាត់​យក​ទុក​​នៅ​តំបន់​សមុទ្រចិន​ខាងត្បូង​នោះ ឲ្យទៅសហរដ្ឋអាមេរិក​វិញហើយ។ នេះបើតាមក្រសួង​ការពារជាតិ​ចិន ដែលត្រូវបានសារព័ត៌មាន​រុស្ស៊ី Sputnik ដកស្រង់សេចក្តីថ្លែងការណ៍ នៅមុននេះបន្តិច​នារសៀលថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។

សេចក្តីថ្លែងការណ៍ដែលបង្ហោះ​នៅលើគេហទំព័រ​ផ្លូវការ របស់ក្រសួងការពារជាតិចិន​បានបញ្ជាក់យ៉ាង​ដូច្នេះថា «ចិនជាមួយ និងសហរដ្ឋអាមេ​រិកបន្ទាប់ពីបានធ្វើការដោះដូរ​យោបល់គ្នា​ទៅវិញទៅម ​ប្រកបដោយភាព​រួសរាយ​​រាក់ទាក់នោះ បានបំពេញចប់សព្វគ្រប់អស់ហើយ​នូវ​កិច្ច​ការ​ពាក់ព័ន្ធ​នឹងនីតិវិធីនៃ​ការប្រគល់កូននាវា​មុជទឹក​គ្មានអ្នកបើកបរ(Drone) របស់អាមេរិកនៅថ្ងៃរសៀលថ្ងៃ២០ ខែធ្នូនេះ»។

ជុំវិញបញ្ហានេះដែរកាលពីថ្ងៃសៅរ៍ ក្រសួង​ការពារជាតិចិន​បានប្រកាសថា​ខ្លួនបានយល់ព្រមប្រគល់​កូននាវា​មុជទឹក(Drone) ឲ្យ​ទៅ​ទីក្រុង​វ៉ា​ស៊ីន​តោន​វិញ នៅក្រោយមួយថ្ងៃបន្ទាប់ពី​មានសេចក្តី​រាយការណ៍​​ថានាវា​ចម្បាំងរបស់ចិន​បានរឹបអូស Drone នោះ​នៅ​ក្នុង​ដែន​ទឹក​អន្តរ​ជាតិ​​នៃ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែលមានជម្លោះ។

គួរបញ្ជាក់ថា​កាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍មុននេះ នាវាសិក្សាពីមហាសមុទ្រ​ឈ្មោះ USNS Bowditch របស់​សហរដ្ឋអាមេរិក​បានឈប់នៅ​ចម្ងាយប្រមាណជា ១៦០គីឡូម៉ែត្រ​ពីកំពង់ផែនៃឈូងសមុទ្រ​ស៊ូប៊ិក​ក្នុងប្រទេស​ហ្វីលីពីន ដើម្បីចាំទទួលយកកូននាវាមុជទឹក (Drone) ចំនួនពីរ​គ្រឿងនៅពេល​ដែលនាវាចម្បាំង​មួយគ្រឿងរបស់​ប្រទេសចិន​បានចាប់យកកូននាវាមួយយកទៅបាត់ ដោយក្រោយ​មកក្រសួង​​ការពារជាតិ​អាមេរិក​បាន​ទាមទារឲ្យ​មានការប្រគល់កូននាវា​នោះត្រឡប់​មកវិញ៕