(សេអ៊ូល)៖ សត្វមាន់ និងសត្វទាជិត ២០លានក្បាលត្រូវបានគេសម្លាប់ចោល​នៅក្នុងប្រទេស​កូរ៉េខាងត្បូង ស្របពេលដែល​ជំងឺគ្រុនផ្តាសាយ​បក្សីដ៏កាចសាហាវ​ បានរីករាលដាល​ក្នុងកំរិតយ៉ាង​ឆាប់រហ័ស​ជា​​ទីបំផុត​ទៅទូទាំង​ប្រទេស។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌​មានចិន ស៊ិនហួរ នៅមុននេះបន្តិចនា​រសៀលថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។

បើយោងតាមក្រសួង​កសិកម្ម​កូរ៉េខាងត្បូង ចំនួនសត្វបក្សី​ចិញ្ចឹមដែលត្រូវបានសម្លាប់​ចោល​ដោយសារការ​ឆ្លងជំងឺ​គ្រុនផ្តាសាយបក្សី​បាន​ឈាន​ដល់ ១៩.១១លានក្បាលហើយ គិតត្រឹមថ្ងៃចន្ទ​ម្សិល​មិញនេះ បន្ទាប់ពី​ករណីដំបូងបំផុតនៅក្នុងឆ្នាំនេះ​ត្រូវបានរាយការណ៍ថា​​បាន​ផ្ទុះ​ឡើង នៅឯកសិដ្ឋានមួយកន្លែង​នៃទីក្រុង​ហែណាម (Haenam) ក្នុងខេត្តចូឡាខាងត្បូង (South Joella) ដែល​ស្ថិត​តំបន់​ប៉ែក​និរតី​​នៃ​ផ្ទៃ​ប្រទេស​​​កាល​ពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកាកន្លងទៅនេះ។

ជាមួយគ្នានេះដែរតួលេខដែលទទួលបានពីក្រសួងខាងលើ​មានន័យថា សត្វមាន់និងសត្វទាប្រហែល​ជា​ ៦០០,០០០ក្បាលត្រូវបានសម្លាប់​ចោល​ជារៀងរាល់ថ្ងៃ នៅរយៈពេលជាងមួយខែចុងក្រោយនេះ ហើយវា​ត្រូវ​បានព្យាករណ៍ថា​នឹងកើនឡើងបន្ថែមទៀត​នាពេលអនាគត ដែល​ប្រការនេះបានកំណត់នូវការឆ្លងដ៏ឆាប់​រហ័ស​ និងអាក្រក់ជាងគេបំផុត​ចាប់តាំងតែពីពេលសត្វបក្សីចិញ្ចឹម​ប្រមាណ ១៩.៣៧​ក្បាល​ត្រូវបាន​កម្ទេច​ចោល​នៅក្នុងរយៈពេល៦៦៩ថ្ងៃ កាលពីចន្លោះឆ្នាំ២០១៤និង២០១៥ ដោយសារតែជំងឺគ្រុនផ្តាសាយបក្សី។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន​ប្រទេសកូរ៉េខាងត្បូង​ប្រកាសអាសន្នកំរិត​ខ្ពស់បំផុតមិនធ្លាប់​មាននោះឡើយ ចំពោះ​ការ​រីក​រាល​ដាល​យ៉ាងលឿននេះ​នៃជំងឺគ្រុនផ្ដាសាយបក្សី ខណៈកសិដ្ឋាន​ចំនួន ២០៤កន្លែងនៅ​ទូទាំងប្រទេស​ត្រូវបានបញ្ជាក់ថា​បានឆ្លងជំងឺនេះ៕