(សេអ៊ូល)៖ មិត្តភក្តិដ៏ជិតស្និទ្ធបំផុត​របស់ប្រធានាធិបតី​កូរ៉េខាងត្បូងលោក ស្រី ផាក គឺនហេ ដែលជាបុគ្គលនៅ​ចំកណ្តាល​រឿងអាស្រូវ​​នយោ​បាយដ៏ខ្មៅងងឹត ​ដែលបាននាំឲ្យឈានដល់ការទម្លាក់​លោកស្រី ផាក ចេញពី​តំណែង​នោះ បានបង្ហាញវត្តមាននៅសវនាការ​ជាលើកដំបូង ហើយបានបដិសេធការចោទប្រកាន់​ទាំងអស់​ដែលបានលើកឡើង។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន​​កូរ៉េខាងត្បូង យុន​ហ៉ាប់ នៅមុននេះបន្តិចនាល្ងាច​ថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។

ស្រ្តីឈ្មោះ ឆយ ស៊ូនស៊ីល (Choi Soon-sil) បានចូលសវនាការ​ជាលើកទីមួយ​ដែលធ្វើឡើងនៅតុលាការ​ក្រុងសេអ៊ូល ហើយនេះក៏ជាលើក​ដំបូងផងដែរ​ដែលលោកស្រី​បានបង្ហាញខ្លូនជា​សាធារណៈចាប់តាំងពីត្រូវ​បាន​កោះហៅដោយ​រដ្ឋអាជ្ញាកូរ៉េខាងត្បូង​កាលពីចុងខែ​តុលា កន្លង​ទៅ​បន្ទាប់ពី​ត្រូវបានចោទប្រកាន់​ពីបទពុករលួយ​ដែលមានជាប់ពាក់ព័ន្ធនឹងលោកស្រី ផាក និងមនុស្សជំនិតមួយចំនួនទៀត។

នៅក្នុងសវនាការ​លោកស្រី ឆយ បានបដិសេធ​រាល់ការចោទប្រកាន់​ទាំងអស់​ប្រឆាំងនឹងរូបលោកស្រី រួមមានការរំលោភសិទ្ធិអំណាច, ការបង្ខំ​ឲ្យ​ក្រុមហ៊ុនក្នុងស្រុកឲ្យបរិច្ចាគ​លុយ​ជាច្រើនដើម្បីបង្កើត​មូលនិធិ​មិនរោគប្រាក់កំរៃ​ចំនួនពីរ, និង​ការ​ធ្វើ​ឲ្យ​លេច​ចេញ​​នូវ​ឯក​សារ​សម្ងាត់​​របស់​រដ្ឋា​​ភិបាល។ លោក Lee Kyung-jae មេធាវីការពារក្តី​របស់លោកស្រី ឆយ បានលើកឡើងថា លោកស្រី ឆយ មិនបាន​រួមគំនិតជាមួយ​លោក​ស្រី ផាក គឺនហេ ឬក៏ជនជាប់ចោទដទៃទៀតនៅ​ក្នុងសំណុំរឿងនេះឡើយ។

គួរបញ្ជាក់ថា​អតីតជំនួយការរបស់លោកស្រី ផាក គឺនហេ ដែលត្រូវបានចោទប្រកាន់​ពីបទដូចទៅនឹងស្រ្តី ឆយ ស៊ូនស៊ីល ដែរនោះ​មិនបាន​បង្ហាញវត្តមាននៅសវនាការ​លើកទីមួយនេះឡើយ ខណៈសវនាការ​បន្ទាប់​ទៀត​នឹងត្រូវធ្វើឡើងនាថ្ងៃ២៩ ខែធ្នូ៕