(មូស្គូ)៖ ​អាជ្ញាធររុស្ស៊ី​បានរាយការណ៍ថា មនុស្សយ៉ាងហោច​ណាស់ ៣៣នាក់បានស្លាប់ដោយសារពុលស្រា បន្ទាប់ពី​ពួកគេទាំងនេះបានលាយសាប៊ូដុះខ្លួន​ជាមួយនឹងស្រាមានម៉ាកសញ្ញា «Boyarishnik​» នៅឯ​ទីក្រុង​អៀគុត (Irkutsk) ស្ថិតនៅភាគខាងកើត​នៃតំបន់ស៊ីបេរី។ នេះបើតាម​សារព័ត៌មាន​រុស្ស៊ី TASS​ ដែលចុះ​ផ្សាយបន្តដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិនហួរ នាល្ងាចថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។

ជុំវិញបញ្ហានេះដែរ​ក្រុមអ្នកស៊ើបអង្កេត​បានបញ្ជាក់ថា «យោងតាមព័ត៌មាន​ដែលយើងទទួលបាន ​មនុស្ស ៣៣នាក់​ក្នុងនោះមានស្ត្រីម្នាក់បានស្លាប់​ដោយសារពុលស្រា ខណៈមនុស្សជាង ៥៤នាក់ផ្សេងទៀត កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ រីឯការស៊ើបអង្កេតកំពុងតែធ្វើឡើង»។ សម្រាប់ព័ត៌មានពីដំបូង គឺមនុស្ស​ស្លាប់មានត្រឹមតែ ១៦នាក់ប៉ុណ្ណោះ ខណៈ ១៦នាក់ទៀតសម្រាកនៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា​ករណីពុលស្រាតែងតែកើតឡើងជារឿយៗ នៅក្នុងប្រទេសរុស្ស៊ី ក៏ប៉ុន្តែករណីពុលស្រា​ខាងលើគឺបណ្ដាល​ឱ្យមនុស្សស្លាប់ច្រើនជាងគេ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បន្ថែមពីនេះ​នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវេដេវ បានបញ្ជាឲ្យគណរដ្ឋមន្ត្រីរបស់ខ្លួនចាត់វិធានការជាបន្ទាន់​ដើម្បីដោះស្រាយបញ្ហាពុលស្រា និងស៊ើបអង្កេតករណីនៃការលាយស្រា ជាមួយសារធាតុខុសបច្ចេកទេសខាងលើ៕