(ប៉េកាំង)៖ ក្រសួងការបរទេសចិន​តាមរយៈអ្នកនាំពាក្យ​លោកស្រី Hua Chunying នៅថ្ងៃចន្ទនេះបាន​និយាយថា ទីក្រុងប៉េកាំងសង្ឃឹមថាបញ្ហារឹបអូស​កូននាវាមុជទឹក(Drone) ស្រាវជ្រាវ​របស់សហរដ្ឋអាមេរិក នៅឯសមុទ្រ​ចិនខាងត្បូងកាលពី​សប្ដាហ៍មុន អាចនឹងត្រូវបានដោះស្រាយ​ដោយសមរម្យ​បន្ទាប់ពីក្រសួងការពារជាតិចិន គ្រោងនឹងប្រគល់កូន​នាវាមុជ​ទឹកនេះទៅឱ្យ​ទីក្រុងវ៉ាស៊ីនតោនវិញ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters​ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នាវាល្បាតចិន​បានរឹបអូសកូននាវាមុជ​ទឹកគ្មានមនុស្ស​បើកឈ្មោះ UUV របស់សហរដ្ឋអាមេរិក​នៅក្នុងដែនទឹកសមុទ្រ​ចិនខាងត្បូង ស្ថិតនៅចម្ងាយប្រហែលជា ៩០គីឡូម៉ែត្រ​​ពីឈូង​សមុទ្រ​ស៊ូប៊ិក (Subic Bay) នៃប្រទេសហ្វីលីពីន។ ដោយឡែក​ជុំវិញបញ្ហានេះដែរ​ប្រធានាធិបតីអាមេរិក​ជាប់​ឆ្នោត លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ បានធ្វើសង្រ្គាមពាក្យ​សម្ដីជាមួយចិនសាជាថ្មីដោយលោក​សរសេរ​នៅលើ Twitter ថា «ចិនបានលួចកូននាវាមុជទឹក​ស្រាវជ្រាវអាមេរិក នៅក្នុងតំបន់ដែនទឹកអន្តរជាតិ ហើយ​យើងគួរតែប្រាប់ទៅចិនថា យើងមិនត្រូវការ​របស់ដែលពួកគេ​បានលួចត្រឡប់មក​វិញនោះទេ ពោលគឺទុកឱ្យ​ពួកគេរក្សាទុកកូននាវាមុជទឹក​ស្រាវជា្រវនេះចុះ»

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញមួយចំនួន កូននាវាមុជទឹកស្រាវជ្រាវអាមេរិក​ដែលចិនបានរឹបអូស គឺជាផ្នែកមួយនៃ​ប្រតិបត្តិការតាមដាន និងស៊ើបការណ៍របស់សហរដ្ឋអាមេរិក​នៅឯតំបន់ជម្លោះ​សមុទ្រ​ចិនខាងត្បូង ក៏ប៉ុន្តែទីក្រុងប៉េកាំងហាក់ដូចជាមានបំណងបិទបាំងរឿងនេះ មិនចង់ឱ្យក្លាយទៅជារឿងធំ៕