(សេអ៊ូល)៖ ក្រុមមេធាវីប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ នៅថ្ងៃអាទិត្យនេះបានថ្លែងថា សំណើទម្លាក់លោកស្រីចេញពីតំណែងដែលត្រូវបាន អនុម័តដោយសភា នាពេលថ្មីៗនេះ គឺមិនឈរលើមូលដ្ឋានច្បាប់ ហើយក៏គ្មាន បទល្មើសណាមួយត្រូវបានគេរកឃើញដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃការព្យួរអំណាច របស់លោកស្រីនោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០១៦។

ដោយសារតែរឿងអាស្រូវ ឆយ ស៊ូនស៊ីល លោកស្រី ផាក ត្រូវបានសភាបោះឆ្នោតទម្លាក់ពីតំណែង កាលពីថ្ងៃទី៩ ខែធ្នូ ខណៈតុលាការធម្មនុញ្ញ នឹងសម្រេចលើជោគ វាសនារបស់លោកស្រីយ៉ាងយូរ ១៨០ថ្ងៃ ក្រោយសំណើនេះត្រូវបានអនុម័ត។ ក៏ប៉ុន្តែជុំវិញបញ្ហានេះដែរ ក្រុមមេធាវីរបស់លោកស្រី ផាក បានគូសបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ គ្មានភស្ដុតាងរឹងមាំណាមួយនោះទេ ហើយលោកស្រីផាក ក៏មិនបានរំលោភលើច្បាប់រហូតដល់មានការទម្លាក់ពីតំណែងនោះដែរ។ ជាងនេះទៅទៀត ថ្វីបើលោកស្រីប្រធានាធិបតី បានសារភាពពីការធ្វេសប្រហែសក៏ពិតមែនតែលោកស្រី នៅតែបដិសេធរាល់ការចោទប្រកាន់ចំពោះការចូលរួម ក្នុងរឿងអាស្រូវ ឆយ ស៊ូនស៊ីល។

គួរបញ្ជាក់ថា គណៈកម្មាការសភាទទួលបន្ទុករៀបចំវិធានការទម្លាក់លោកស្រី ផាក គឺនហេ ពីតំណែងនឹងចេញផ្សាយការបដិសេធ និងការអះអាងរបស់លោកស្រី យ៉ាងយូរនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍ក្រោយនេះ៕