(​យេមែន)៖ ក្រុមមន្ត្រីយេមែនជាច្រើននាក់ បានឱ្យដឹងថា កងទ័ពរដ្ឋាភិបាល យ៉ាងហោចណាស់៣០នាក់ត្រូវបាន សម្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត នៅភាគខាងត្បូងទីក្រុង អាឌែន ហើយដែលការវាយប្រហានេះបានកើតឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ នៅបន្ទាប់ពីការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត របស់ក្រុម ISIS បានផ្ដាច់យកអាយុជីវិតកងទ័ពយេមែន៥០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។

ព័ត៌មានដដែលបានឱ្យដឹងទៀតថា ការវាយប្រហារខាងលើ បានកើតឡើងនៅអំឡុងពេល កងទ័ពជាច្រើននាក់ កំពុង តម្រង់ជួររង់ចាំបើកប្រាក់ខែ នៅក្បែរមូលដ្ឋាន យោធាមួយកន្លែង នៅក្នុងស្រុក Khor Maksar ហើយភ្លាមៗនោះដែរ ពុំទាន់មានក្រុមណាមួយ ចេញមុខអះអាងទទួលខុសត្រូវនៅឡើយទេ ក៏ប៉ុន្តែគេដឹងថា ក្រុមអាល់កៃដា និងក្រុម ISIS ​តែងតែដឹកនាំការវាយប្រហាររបៀបនេះ ប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលយេមែន នារយៈពេលជាងពីរឆ្នាំមកនេះ។

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងនេះ ត្បិតកងទ័ពយេមែនច្រើនជាង៤០នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ៕