(បាងកក)៖ ការរុះរើគណៈរដ្ឋមន្រ្តីជាថ្មីម្តងទៀត​នៅក្រោមការដឹកនាំរបស់​នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានប្រកាសនៅថ្ងៃ​ម្សិលមិញនេះ ដែលវាគឺជាការផ្លាស់ប្តូរ​លើកទី០៤​ផងដែរ ​នៅក្នុងរដ្ឋាភិបាល​យោធារបស់លោក​​ដែលបានឡើងក្តោបក្តាប់​អំណាច​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ មកតាមរយៈការធ្វើ​រដ្ឋប្រហារ​ដោយមិនបង្ហូរឈាម។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅ​មុន​នេះ​បន្តិច​នា​រសៀល​ថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៦។

​បើយោងតាមសេចក្តី​ប្រកាសដែលចេញផ្សាយ​ដោយសារព័ត៌មានរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ បានផ្លាស់ប្តូរ ឬតែងតាំងរដ្ឋមន្រ្តី និង​អនុ​រដ្ឋ​មន្រ្តីចំនួន១២រូប ហើយការផ្លាស់ប្តូរកំរិតខ្ពស់​ជាងគេនោះ​គឺតំណែង​រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌, ក្រសួងអប់រំ, និងក្រសួងឧស្សាហកម្ម ខណៈ​អតីតរដ្ឋ​មន្រ្តីក្រសួងអប់រំលោក ដាពុង រតនាស៊ូវ៉ាន់ (Dapong Ratanasuwan) និងអតីតរដ្ឋមន្រ្តីក្រសួង​យុត្តិធម៌លោក ផៃប៊ុន គុម (Paiboon Koom) កាលពីដើមសប្តាហ៍មុនត្រូវបានព្រះបាទ មហា វិច្ឆិរាឡុងកន ចាត់តាំងជាសមាជិក​ក្រុមប្រឹក្សា​ជំនិតនៃព្រះមហាក្សត្រថៃ។

ប្រការហេតុនេះអនុរដ្ឋមន្រ្តីក្រសួងអប់រំលោក ធីរ៉ាឃៀត ចារើនសិត្តាស៊ីន (Teerakiat Jareonsettasin) ត្រូវបានតែងតាំងជារដ្ឋមន្រ្តីអប់រំថ្មី ហើយរដ្ឋមន្រ្តីទទួលបន្ទុក​កិច្ចការនៃការិយាល័យ​នាយករដ្ឋ​មន្រ្តីលោក ស៊ូវ៉ាផាន់ ថាន់យ៊ូវ៉ាដហាណា (Suwapha Tanyuvardhana) បាន​ក្លាយ​ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី។

ដោយឡែកនៅក្នុងការរុះរើលើកទី៤នេះ មានបុគ្គលថ្មីចំនួន ០៥រូបត្រូវបានបញ្ចូលទៅក្នុងគណៈរដ្ឋមន្រ្តីថៃ រួមមានលោក វីរ៉ាសាក់ ហ្វូត្រាគុល (Veerasak Futrakul) ដែលបានក្លាយជា​អនុរដ្ឋ​មន្រ្តី​ការបរទេស, លោក ជូទីម៉ា ប៊ូនីអាប្រាផាស (Boonyaprapas) ជាអនុរដ្ឋមន្រ្តីក្រសួង​កសិកម្ម និងលោក ភីជីត អការ៉ាធីត (Pichit Akarathit) ក្លាយជាអនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន, លោក សូន​ធីរ៉ាត់ សូនធីជីរ៉ាវុង (Sonthirat Sonthijirawong) ជាអនុរដ្ឋមន្រ្តីពាណិជ្ជកម្ម, និងជាចុងក្រោយលោក អ៊ុតថាម៉ា សាវ៉ាន់អៃយ៉ាណា (Uttama Savanayana) ដែល​ជា​រដ្ឋ​មន្រ្តី​ក្រសួង​​ឧស្សាហ​កម្មថ្មី។

គួរបញ្ជាក់ដែរថា ការរុះរើសមាសភាពនៅក្នុងគណៈរដ្ឋមន្រ្តីនេះត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានប្រកាសនៅយប់ថ្ងៃសុក្រ​ម្សិលមិញ ដែលការផ្លាស់ប្តូរ​ទាំងនេះបានចូល​ជាធរមានភ្លាមៗ​តែម្តង៕