(វ៉ាស៊ីនតោន)៖ មេដឹកនាំស្ថាប័ន​ស៊ើបការណ៍សម្ងាត់ធំៗ​ របស់សហរដ្ឋអាមេរិក​បានបង្ហាញ​ពីការគាំទ្រ​ចំពោះ​របាយការណ៍របស់​ទីភ្នាក់​ងារចារ​កិច្ច CIA​ ដែលថាប្រទេសរុស្ស៊ីបានចូលលូកលាន់​​ក្នុងកិច្ចការបោះឆ្នោត​ជ្រើសរើស​​ប្រធានាធិបតី​ឆ្នាំ២០១៦នេះ ដើម្បីជួយឲ្យលោក ដូណាល់ ត្រាំ បានអង្គុយកៅអី​​មេដឹកនាំ​កំពូលនៅក្នុងសេតវិមាន។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច​នា​ព្រឹក​ថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ​ឆ្នាំ២០១៦។​

ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ​នាយកទីភ្នាក់ងារ CIA លោក ចន ប្រេនណា (John Brenna) បានឲ្យ​ដឹងថា ​លោកបានជួបជាលក្ខណៈ​ដាច់ដោយ​​ឡែកមួយ​ ជាមួយនាយក​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ (FBI)​ លោក ជែម ខូមី​ (James Comey)​​ និងអគ្គនាយកស្ថាប័ន​ស៊ើប​ការណ៍​សម្ងាត់ជាតិ​ (DNI)​ លោក ជែម ឃ្លែបប៉ឺ​ (James Clapper)​ កាលពីដើមសប្តាហ៍នេះ​ ហើយនៅក្នុងជំនួបនោះ​លោកទាំងបីរូបពិត​ជាមាន​ការមូលមតិគ្នាយ៉ាងខ្លាំងក្លា​ទៅលើទំហំ​​ ចរិត​ និងគោលបំណង​ នៃការជ្រៀតជ្រែករបស់រុស្ស៊ី​​នៅក្នុងការបោះឆ្នោត​​របស់ជ្រើស​រើស​ប្រធានា​ធិបតី​អាមេរិក។​​

លោក ប្រេនណា បានបន្ថែមថា «ពួកយើងទាំងបីនាក់ក៏បានយល់ស្របដែរថាស្ថាប័ន្ធរបស់យើង​រួមជាមួយ​និងស្ថាប័ន្ធផ្សេងៗ​ទៀត ចាំបាច់​ត្រូវតែផ្តោត​​សំខាន់ចំពោះ​ការសម្រេចឲ្យបាន​ នូវការត្រួតពិនិត្យ​យ៉ាងពេញ​ឡើងវិញ​​ទៅលើបញ្ហានេះ ដែល​ត្រូវ​បាន​ដឹក​នាំ​ដោយ​​លោ​ក​ប្រធា​នាធិបតី​​ បារ៉ាក់ អូបាម៉ា​ និងបច្ចុប្បន្នកំពុង​ស្ថិតក្រោម​ការដឹកនាំរបស់ DNI»។​ យ៉ាងណាមិញសហគមន៍ស៊ើបការណ៍អាមេរិក​ មិន​បានយល់​ឃើញ​​ថា​​​ប្រទេសរុស្ស៊ីមាន​ ​«គោលបំណងតែមួយគត់» ឡើយ​ក្នុង​ការ​លូក​ដៃ​​ចូល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​ប្រ​ធា​នា​ធិប​តី​អា​មេ​រិក​​តាម​រយៈ​ការវាយប្រហារ​ប្រព័ន្ធ​​អ៉ីន​ធឺ​ណែត​នោះ។​

គួរបញ្ជាក់ដែរថា​កាលពីដើមខែធ្នូនេះ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ​លោក បារ៉ាក់ អូបាម៉ា​ បានដាក់បញ្ជាឲ្យមាន​ការត្រួតពិនិត្យឡើង​​វិញ​ទាំងស្រុង​​ទៅលើ​ការវាយលុកតាម​ប្រព័ន្ធអ៉ីនធឺណែត​ទាំងប៉ុន្មាន​របស់ប្រទេស​រុស្ស៊ី​ នៅមុនពេលដែលលោកចាកចេញពី​សេតវិមាន​ ដោយលោក អូបាម៉ា សង្ឃឹមថា​​វានឹងអាចផ្តល់ជាចម្លើយខ្លះៗ​ អំពីចេតនា​នៅពីក្រោយខ្នង​នៃការ Hacks ទាំងនោះ៕​