(វ៉ាស៊ីនតោន)៖ អនាគតរដ្ឋាភិបាលអាមេរិកថ្មី នឹងត្រៀមលក្ខណៈរួចរាល់ដើម្បីធ្វើការចរចាយ៉ាងអស់ពីចិត្តពីថ្លើមជាមួយក្រុមហ៊ុន Boeing សំដៅកាត់បន្ថយការ ចំណាយទៅលើការផលិតយន្តហោះ Air Force One ថ្មីសម្រាប់ប្រមុខដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក។ នេះបើ​តាម​​សម្តីរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ដែលដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងទៅកាន់ពលរដ្ឋអាមេរិកនៅក្នុងរដ្ឋ ភេនស៊ីលវេនា (Pennsylvania) លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់សាជាថ្មីម្តងទៀតថា «ខ្ញុំមិនចង់​បានយន្តហោះសម្រាប់ ធ្វើដំណើរ ដែលមានថ្លៃដល់ទៅ៤.២ពាន់លានដុល្លារនោះឡើយ... ជឿខ្ញុំចុះ ហើយយើងនឹងសហការជាមួយក្រុមហ៊ុន​​ប៊ូអ៊ីង (Boeing) ដើម្បីធ្វើយ៉ាងណាអាចកាត់ បន្ថយតម្លៃនៃការផលិតឲ្យចុះដល់កម្រិតសមរម្យមួយតាមតែអាចធ្វើទៅបាន»

គួររំលឹកថា លោក ត្រាំ បានបង្ហាញពីឆន្ទៈរបស់លោកក្នុងការរួមដៃគ្នាជាមួយក្រុមហ៊ុនប៊ូអ៊ីង នៅពេលមួយសប្តាហ៍បន្ទាប់ពីបានធ្វើការរិះ​គន់យ៉ាងចាស់ដៃទៅលើក្រុមហ៊ុន ដែលជាអ្នកផលិតយន្តហោះ សម្រាប់សហរដ្ឋអាមេរិកអស់ជាច្រើនទសវត្សរ៍មកហើយនេះ តាម​រយៈ​បណ្តាញ​ទំនាក់​ទំនង​សង្គម ធ្វីតទ័រ (Twitter) ថាបានទាមទារ​ថ្លៃ​​ហួសហេតុកប់​ពពក។ ជាងនេះទៅទៀតលោក ត្រាំ ក៏បានរិះគន់លើការ​ចំណាយទៅក្នុងគំរោងនៃការផលិតយន្តហោះចម្បាំងជំនាន់ថ្មី និងទំនើបបំផុតរបស់អាមេរិកគឺយន្តហោះប្រភេទ F-35 ផងដែរ។

គួរបញ្ជាក់ដែរថា គំរោងនៃការផលិតយន្តហោះ Air Force One ថ្មីនេះត្រូវបានរៀបចំឡើងដោយសារតែយន្តហោះ Air Force One ដែល​កំពុង​​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​គឺ​ Boeing ធុន 747-200 ទាំងពីរគ្រឿងនឹងឈានដល់អាយុកាលកំណត់របស់វា គឺ៣ទសវត្សរ៍គត់នៅឆ្នាំ២០១៧ក្រោយនេះ ហើយ​គេមិន​អា​ចប្រថុយ​បន្តប្រើប្រាស់យន្តហោះដែលមានតួនាទីដ៏សំខាន់នេះ ក្នុងការ​ដឹក​ប្រធានាធិបតីនៃប្រទេសមហា​អំណាចពិភពលោក​មួយ​ទាំងមូលបាននោះឡើយ៕