(​សេអ៊ូល)៖ ក្រុមអ្នកស៊ើបអង្កេតរបស់សភាជុំវិញរឿងអាស្រូវ ឆយ ស៊ូនស៊ីល នឹងមិនអាចចូលឆែកឆេ​រ​ការិយាល័យ​របស់ប្រធានាធិបតី​កូរ៉េខាងត្បូង ​លោកស្រី ផាក គឺនហេ បានឡើយ​បើទោះបីជាពេលនេះ អំណាចរបស់លោកស្រី​ត្រូវបានគេព្យួរ ដោយប្រគល់ឱ្យ​លោកនាយករដ្ឋមន្ត្រី​ក៏ដោយ ប៉ុន្តែលោកស្រីតែ​មាន​អំណាចគ្រប់គ្រងវិមានខៀវដដែល (វិមានប្រធានា​ធិបតីកូរ៉េខាងត្បូង)។ នេះបើតាមមន្ត្រីម្នាក់នៃវិមាន​ប្រធានាធិបតី​ដែលចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦។

​ថ្លែងប្រាប់អ្នកសារព័ត៌មាន​ក្នុងលក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ មន្ត្រីរូបនេះដដែល​បានលើកឡើងដូច្នេះថា «ក្រុមអ្នកស៊ើប​អង្កេតមិនអាចចូលឆែឆេរ​ ការិយាល័យប្រធានាធិបតី​បានជាដាច់ខាត ហើយយើងក៏​មិនផ្លាស់​ប្ដូរគោលជំហរជុំវិញបញ្ហា​នេះដែរ ខណៈយើងកំពុង​ស្ថិតនៅក្នុងកិច្ចសន្ទានា​ពាក់ព័ន្ធនឹង​ទីកន្លែងដែលយើង​ត្រូវជួបពិភាក្សា និងអ្វីដែលយើងត្រូវ​ធ្វើបើសិនជា​គណៈកម្មាធិការ​ពិសេសនៃសភាចង់ធ្វើអធិការកិច្ច»

គួររំលឹកថា​កាលពីថ្ងៃសុក្រ​សប្ដាហ៍មុន​សភា​កូរ៉េខាងត្បូង បានសម្រេចចិត្ត​បោះឆ្នោតទម្លាក់​លោកស្រី ផាក គឺនហេ ពីតំណែងជាប្រធានាធិបតី។ ប៉ុន្តែគេ​ត្រូវរង់ចាំការ​សម្រេចពីតុលាការ​ធម្មនុញ្ញយ៉ាងយូរ ១៨០ថ្ងៃ ដើម្បីកំណត់ថា​តើលោកស្រី ផាក គួរតែត្រូវទម្លាក់ចេញពី​អំណាច ឬក៏យ៉ាងណា៕