(ព្រុចសែល)៖ មេដឹកនាំសហភាពអឺរ៉ុប បានឈានដល់ការ​ឯកភាពគ្នាក្នុងការ​អូសបន្លាយពេលដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចរយៈពេល ០៦ខែទៀត ប្រឆាំងនឹង​រដ្ឋាភិបាលទីក្រុងមូស្គូ សម្រាប់ការលូកដៃ​ចូលក្នុង​ជម្លោះនៅ​ភាគខាងកើត​ប្រទេសអ៊ុយក្រែន ហើយព្រមពេលជាមួយគ្នា ប្រទេសមួយចំនួនជា​សមាជិកសហភាពអឺរ៉ុប​បានទទូចថា​​ការបន្តដាក់​ទណ្ឌកម្មនេះ គួរតែមានរយៈពេល១២ខែ ដោយ​សារតែពួកគេខ្លាចក្រែង​អនាគត​ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ ងាកទៅចាប់ដៃ ឬក៏បន្ធូរបន្ថយការ​ដាក់សម្ពាធ​ទៅលើរុស្ស៊ី។ នេះបើតាមប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ដូណាល់ ថាស (​Donald Tusk) ដែលចុះផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦។

ទោះយ៉ាងណាក៏ដោយ ជុំវិញការសម្រេចចិត្តនេះដែរ​អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល បានថ្លែងថា​ «ការបន្តដាក់ទណ្ឌកម្មលើរុស្ស៊ី ធ្វើឡើងដោយផ្អែកលើមូលដ្ឋាន​នៃការវិភាគពី​ស្ថានភាព​បច្ចុប្បន្ន ពោលគឺមិនមាន​ជាប់ពាក់ព័ន្ធនឹងអ្វីដែល​ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ មានគំរោងនឹងធ្វើនោះ​ឡើយ»។ ចំណែកឯប្រធានាធិតីបារំាង ក៏បានអំពាវនាវផងដែរ​ឱ្យគ្រប់​ភាគីពាក់ព័ន្ធទាំងអស់​គោរពនិងអនុវត្តន៍​តាមកិច្ចព្រមព្រៀង​ទីក្រុង Minsk ក្នុងគោលបំណងបញ្ចប់ជម្លោះ​នៅភាគខាងកើតប្រទេស​អ៊ុយក្រែន ដែលបានបំពុលទំនាក់ទំនង​រវាងរុស្ស៊ី និង​អឺរ៉ុប​នារយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ។

គួរបញ្ជាក់ថា​ការបន្តដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីពីសំណាក់សហភាពអឺរ៉ុប នឹងត្រូវដាក់ឱ្យអនុវត្តនៅ​សប្ដាហ៍​ក្រោយនេះដោយផ្ដោតសំខាន់ទៅ​លើវិស័យការពារជាតិ ថាមពល និងហិរញ្ញវត្ថុ ខណៈទណ្ឌ​កម្ម​បច្ចុប្បន្ននឹង​ត្រូវអស់សុពលភាព​នៅខែមករា ឆ្នាំ២០១៧៕