(វ៉ាស៊ីនតោន)៖ នៅក្នុងការព្រមានធ្ងន់ៗដោយចង់សំដៅ​ចំពោះអនាគត​ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ ឯកអគ្គ​រដ្ឋ​ទូត​​ប្រទេសចិន​​ប្រចាំ​នៅ​សហរដ្ឋ​​អាមេរិក​​​បានគូសបញ្ជាក់ថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​​ដាច់​ខាត​នឹង​មិន​ធ្វើ​ការ​ចរចា​​ណា​មួយ​ជា​មួយ​​រដ្ឋាភិបាលទីក្រុង​វ៉ាស៊ីនតោន​នោះឡើយ ជុំវិញបញ្ហាពាក់ព័ន្ធនឹង​ដែន​អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងទៅកាន់ថ្នាក់ដឹកនាំនៃក្រុមហ៊ុនលំដាប់កំពូលៗ​នៅអាមេរិក លោកអគ្គរដ្ឋទូត គុយ ទានខៃ (Cui Tiankai) បានសង្កត់ធ្ងន់ថា «ចិន​និង​អាមេរិក​​ចាំ​​បាច់​ត្រូវ​តែធ្វើការជាមួយគ្នា ដើម្បីពង្រឹងទំនាក់​ទំនង​​រវាងប្រទេសទាំងពីរ ហើយ​ភាគី​ទាំង​សង​ខាង​​មិន​គួរ​ធ្វើ​អ្វីដែល​ប៉ះ​ពាល់ ​ឬ​អាចបំផ្លាញ​គោលការណ៍នយោ​បាយ​​នៃទំនាក់ទំនង​ចិន-អាមេរិកនេះដែរ ដោយផ្ទុយទៅវិញគួរតែគោរពតាម និងថែរក្សា​ការពារ»

លោក ទានកៃ បានបន្តដូច្នេះទៀតថា «រីឯក្បួនច្បាប់មូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិនេះ​គួរតែត្រូវបាន​ឃ្លាំមើល​ឲ្យបានដិតដល់ ដោយមិនត្រូវព្រងើយ​​កន្តើយ​​​ដាក់​​បាន​ឡើយ ដែលជាពិសេស​ទៅទៀតនោះ​ គឺមិនត្រូវ​ចាត់ទុកថាជារបស់ដែលអាច​ចរចា ឬសម្រួបសម្រួលគ្នាវិញនោះទេ ហើយ​វា​ពិត​ប្រាកដ​​ណាស់​ថា ​ដែន​អធិបតេយ្យភាពជាតិ រួមនិងបូរណភាពទឹកដី ពុំមែនជារបស់ដែលអាចតថ្លៃគ្នា​បានជាដាច់ខាត ដោយ​ខ្ញុំសង្ឃឹម​ថា​​អ្នក​រាល់​គ្នា​​នឹង​​យល់អំពីបញ្ហានេះ​»

គួរបញ្ជាក់ថា លោកអគ្គរដ្ឋទូតចិនរូបនេះ មិនបានលើកឡើងចំៗសំដៅលើកោះតៃវ៉ាន់ ឬមួយក៏ការអត្ថា​ធិប្បាយ​របស់លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុនដែលបានថ្លែងថា សហរដ្ឋអាមេរិកមិន​ចាំបាច់​ត្រូវតែនៅ​បន្តតោងជាប់នឹង «គោលនយោបាយចិនតែមួយ» ដែល​ចាត់ទុកកោះតៃវ៉ាន់ថា​គ្រាន់ជាខេត្តមួយរបស់​ប្រទេសចិន​ប៉ុណ្ណោះឡើយ ប៉ុន្តែការលើកឡើងរបស់លោក ទានខៃ គឺត្រូវគ្នាជាមួយ នឹងប្រតិកម្មរបស់​ក្រសួងការបរទេសចិន​ដែលបានចាត់ទុក «គោលនយោបាយចិនតែមួយ» ជាគោលការណ៍នយោបាយ​ស្នូលសំខាន់បំផុត​​សម្រាប់​ចំណង​​ទាក់​ទង​​រវាងមហា​អំណាចទាំងពីរ៕