(ប៉េកាំង)៖ បន្ទាប់ពីបានធ្វើឱ្យជប៉ុន និងតៃវ៉ាន់ក្ដៅស្លឹកត្រចៀក តាមរយៈការធ្វើ​សមយុទ្ធយោធាតាម​ផ្លូវអាកាសនៅឯតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ​នៅថ្ងៃព្រហស្បតិ៍នេះកងទ័ព​អាកាសចិន បានអះអាងថា ការធ្វើសមយុទ្ធហោះហើរ​របស់ខ្លួន​គឺជាទម្លាប់ និងជាសកម្មភាពយោធា​ធម្មតាៗតែប៉ុណ្ណោះ មិនគួរឡើយមាន​ប្រតិកម្មខ្លាំង​យ៉ាងនេះសោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។

កាលពីថ្ងៃសៅរ៍កន្លងទៅ យន្ដហោះយោធាចិន​ជាច្រើនគ្រឿង បានហោះឆ្វែលពី​លើកោះអូគីណាវ៉ា និង កោះមីយ៉ាកុ របស់ជប៉ុន ព្រមទំាងដែនទឹកតៃវ៉ាន់ផងដែរ ហើយព្រមពេលជាមួយគ្នា ទីក្រុងតូក្យូបានបញ្ជូន​យន្ដហោះ​តាមឃ្លំាមើល​សកម្មភាព​យន្ដហោះយោធាចិន ដែលបានចោទប្រកាន់យន្ដហោះយោធា​ជប៉ុន​ថា​បានធ្វើសកម្មភាពប្រកបដោយគ្រោះថ្នាក់ និងគ្មានវិជ្ជាជីវៈ ខណៈទីក្រុងតូក្យូបានទាត់ចោលការចោទ​ប្រកាន់នេះ។

ជុំវិញបញ្ហានេះដែរ​ថ្លែងនៅក្នុងសេចក្ដី​ប្រកាសព័ត៌មានមួយ កងទ័ពអាកាសចិន​បាននិយាយថា «ការធ្វើសមយុទ្ធ​យោធាតាម​ផ្លូវអាកាស គឺធ្វើឡើងជា​ទម្លាប់ ដូចសព្វដង ស្របច្បាប់ និងសមហេតុផល ពេញដោយការទទួលខុសត្រូវ ហើយវាធ្វើឡើងក្នុងគោលបំណង​អភិវឌ្ឍន៍​សមត្ថភាពតាមកង​ទ័ពអាកាស ដើម្បីការពារដែន​អធិបតេយ្យភាព និងបូរណភាពដែនដី​របស់ចិន»។

គួររំលឹកថាបើតាមប្រព័ន្ធផ្សព្វផ្សាយ​បរទេស យន្ដហោះយោធាចិន​ដែលហោះ​ឆ្វែលពីលើតំបន់សមុទ្រ​ចិនខាងត្បូង និងខាងកើត គឺជាប្រភេទយន្ដហោះយោធា​ទម្លាក់គ្រាប់បែកធុន H-6K  និងយន្ដហោះចម្បាំង Su-30៕