(ម៉ិកស៊ីកូ)៖ ស្តេចក្រាញ់រត់​ពន្ធគ្រឿងញៀនដ៏ល្បីល្បាញ​ នៅប្រទេសម៉ិកស៊ីកូ​មានឈ្មោះថា យ៉ូហ៉ាគីន ហ្គូសមែន (Joaquin Guzman) ហៅ អ៊ែល ឆាប៉ូ (El Chapo) នៅពេលថ្មីៗនេះ​មានអារម្មណ៍​ថា​ អាកាសធាតុ​នៅក្នុងពន្ធនគារ​ដែលលោកកំពុងជាប់​ឃុំ​ខ្លួននោះ ដូចជាត្រជាក់​ខ្លាំងពេកទើបបាន​ស្នើទៅកាន់​តុលាការ​​ដើម្បីសុំភួយ​ចំនួនមួយទៀត​បន្ថែម​ហើយក៏​ទទួលបានដូច​បំណង។ នេះបើតាមការ​ចេញ​ផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនា​រសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។

លោក ស៊ីលវៀ ឌែលហ្គាដូ (Silvia Delgado) មេធាវីរបស់លោក យ៉ូហ៉ាគីន ហ្គូសមែន បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌​មាន​ថា ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ចៅក្រមរដ្ឋ​ឈីវ៉ាវ៉ា (Chihuahua) ដែលស្ថិតនៅ​ភាគខាងជើង​ប្រទេស​ម៉ិកស៊ីកូ​បាន​សម្រេច​យល់ព្រមទៅ​តាមសំណើរបស់លោក ហ្គូសមែន បន្ទាប់ពីមេជួយដូរគ្រឿង​ញៀន​រូប​នេះ​បាន​ដាក់​​ពាក្យ​បណ្តឹង​​​​កាល​ពី​​សប្តាហ៍​មុន។

លោកមេធាវី ឌែលហ្គាដូ បានបញ្ជាក់ថា «យើងទទួលបានការបង្គាប់បញ្ជារបស់តុលាការដោយសារ​តែសិទ្ធិ​របស់លោក ហ្គូសមែន ត្រូវបានរំលោភបំពាន​ព្រោះថាពីដើមឡើយលោក​មានភួយ​​ដ៏ស្តើងមួយតែ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​​យប់​មិញនេះ​​កូន​ក្តី​របស់​ខ្ញុំ​​​បានទទួលនូវ​ភួយ​ចំនួន​មួយ​ផ្សេង​ទៀត»។   

គួរបញ្ជាក់ថា លោក យ៉ូហ៉ាគីន ហ្គាសមែន ត្រូវបានគេបញ្ជូនយ៉ាងបន្ទាន់​បំផុតកាលពីខែឧសភា​កន្លងទៅនេះ ពីពន្ធនា​គារមួយកន្លែង​នៅភាគកណ្តាល​ប្រទេសម៉ិកស៊ីកូ ទៅកាន់ពន្ធនាគារមួយ​កន្លែង​ទៀតក្នុង​ទីក្រុង ស៊ូឌែដ ហ្ស័ររេស (Ciudad Juarez) ស្ថិតនៅ​ភាគខាងជើងប្រទេស​ជាប់ព្រំដែនជាមួយ​សហរដ្ឋអាមេរិក​ដែលជា​តំបន់មានស៊ីតុណ្ហភាព​​ត្រជាក់បំផុត គឺអាចចុះដល់​ក្រោមសូន្យអង្សារ​សេឯណោះ ដែលប្រការនេះ​ហើយ​ទើប​បង្ខំឲ្យ​មេដឹក​នាំ​​​ក្រុម​​រត់​​ពន្ធ​​គ្រឿង​ញៀន​​ដ៏ល្បីល្បាញ​នៅ​រដ្ឋ​​ស៊ីណាឡូអា (Sinaloa) នៃប្រទេសម៉ិកស៊ីកូ​រូបនេះ បានស្នើចង់បានភួយ​បែបនេះ៕