(យេម៉ែន)៖ យោងតាមរបាយការណ៍​របស់អង្គការមូលនិធិកុមារ UNICEF កុមារយ៉ាងហោចណាស់​ម្នាក់​បាត់បង់​​ជីវិតជារៀង​រាល់​១០នាទី ដោយសារតែកង្វះជីវជាតិអាហារ ជំងឺរាគ និងជំងឺរលាកផ្លូវដង្ហើម។ នេះ​បើ​តាម​កា​រ​ចេញ​​ផ្សាយដោយ​សារព័ត៌មាន Aljazeera នៅមុននេះបន្តិចនាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ​ ឆ្នាំ២០១៦។

លោក Meritxell Relano អ្នកតំណាងរបស់អង្គការ UNICEF បានឲ្យដឹងថា «ស្ថានភាពសុខភាពនៃកុមារ​នៅ​ក្នុង​ប្រទេស​ក្រី​ក្រ​ជាង​គេ​បំផុត​​នៃតំបន់​មជ្ឈិម​បូព៌ាមួយ​នេះ មិនធ្លាប់អាក្រក់ដូចសព្វថ្ងៃនេះឡើយ ខណៈបញ្ហា​កង្វះ​អាហារូបត្ថម្ភនៅក្នុងប្រទេសយេម៉ែន​ស្ថិតនៅក្នុងកម្រិតដ៏ខ្ពស់​ ហើយកំពុងតែបន្តកើនឡើង​ខ្លាំងបន្ថែមទៀត»

គួរបញ្ជាក់ថាកុមារច្រើនជាង ៤០០,០០០នាក់កំពុងប្រឈមនឹង​ភាពអត់ឃ្លាននៅក្នុង​ប្រទេសយេម៉ែន ហើយប្រមាណជា​ ២.២​​​លាននាក់ទាមទារឲ្យមាន​ការថែទាំជាបន្ទាន់។ ជាងនេះទៅទៀតតួលេខថ្មីបំផុត បានបង្ហាញ​ឲ្យឃើញថា ​កុមារ​យ៉ាង​ហោច​ណាស់​​​ ៤៦២,០០០នាក់ កំពុងទទួលរងបញ្ហាកង្វះ​អាហារូបត្ថម្ភ​កម្រិតធ្ងន់ធ្ង​រ​បំផុត​ដែល​ចំនួន​នេះ​បាន​កើន​ឡើង​​ប្រហែល​ ២០០ភាគរយបើគិត​ចាប់តាំងពីឆ្នាំ២០១៤ មក៕