(ប៉េកាំង)៖ តុលាការថ្នាក់តំបន់នៅភាគខាងកើតប្រទេសចិន នៅថ្ងៃពុធនេះបានសម្រេចផ្តន្ទា​ទោស​មន្រ្តី​គណបក្ស​កុម្មុនិស្ត​ចិន​ដែល​ជា​អតីត​អភិបាលក្រុង​ណានជីង​ (Nanjing) ដាក់ពន្ធនាគាររយៈពេល១២ឆ្នាំនិង០៦ខែ នៅក្រោយពេល​ដែល​រូប​លោក​ត្រូវ​បាន​គេរកឃើញថាបានប្រព្រឹត្តអំពើពុករលួយប្រឆាំងនឹងច្បាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។

លោក Yang Weize ដែលជាមន្រ្តីកំពូលនៅក្នុងក្រុងណានជីង ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតតាំងពីឆ្នាំ​២០១៥មក ដោយអង្គភាពប្រឆាំង អំពើពុករលួយរបស់គណបក្សកុម្មុនិស្តចិនផ្ទាល់ ហើយតុលាការក្រុងនីងបូ (Ningbo) បាន​រកឃើញថាលោក ​Yang បានទទួលសំណូកដោយផ្ទាល់ ឬតាមរយៈភរិយារបស់លោក ដែលសរុបជាទឹកប្រាក់ចំនួន​១៦.៤​​​លានយ័នស្មើនឹង២.៣៨លានដុល្លារ កាលពីចន្លោះឆ្នាំ២០០៥ និង២០១៤។

ដោយឡែកអតីតអភិបាលក្រុងណានជីងរូបនេះបានសារភាពកំហុស និងបានបង្ហាញពីការសោកស្តាយចំពោះទង្វើរបស់​ខ្លួន ហើយបានសន្យាថា នឹងចូលរួមសហការក្នុងការយកលុយកខ្វក់ទាំងប៉ុន្មានត្រឡប់ទៅវិញ ដែលប្រការនេះនាំលោក Yang ទទួលទម្ងន់ទោសស្រាលជាងមុន ខណៈមេធាវីតំណាងរូបលោកមិនអាចទាក់ទងបានដើម្បីសុំការធ្វើអត្ថាធិប្បាយឡើយ ។

គួរបញ្ជាក់ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កំពុងដឹកនាំយុទ្ធនាការក្តៅមួយ ដើម្បីបោសសម្អាតអំពើពុករលួយដែ ​កំពុងតែធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ របស់គណបក្សដ៏មានអំណាច បំផុតមួយនេះនៅក្នុងប្រទេសចិន៕