(​ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារំាង លោក ហ្សង់ ម៉ាក អៃរ៉ូល (Jean Marc Ayrault) បានគូសបញ្ជាក់​នៅ​ថ្ងៃពុធនេះថា​ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ មិនគួរបង្ហាញ​អាកប្បកិរិយា​ខ្វះការគោរព​ដល់ចិនទាល់តែសោះ តាមរយៈការគំរាមលែងទទួលស្គាល់ «គោលនយោបាយចិន​តែមួយ​ចំពោះកោះតៃវ៉ាន់» ក្នុងករណីដែលទីក្រុងប៉េកាំង មិនព្រមផ្ដល់សម្បទាន​​ទៅលើពាណិជ្ជកម្មទេនោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។​

ភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក បានផ្ទុះឡើងសាជាថ្មីកាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍មុន ក្រោយពេល លោក ត្រាំ ធ្វើអាត្ថាធិប្បាយមួយចំនួនពាក់ព័ន្ធនឹង​ «គោលនយោបាយចិនតែមួយ» ដោយលោកផ្ទាល់​ថែមទំាង​បាន​និយាយចំៗ​តែម្ដងថា «សហរដ្ឋអាមេរិក​មិនគួរចាំបាច់អីទៅគោរព​គោលនយោបាយចិនតែមួយនោះទេ ដរាបណាមិនមាន​កិច្ចព្រមព្រៀង​ណាមួយជាមួយចិន» ហើយការលើកឡើងបែបនេះ​ធ្វើឱ្យចិនក្ដៅស្លឹក​ត្រចៀក រហូតដល់សារព័ត៌មានចិនខ្លះហៅ លោក ត្រាំ ថា «ជាក្មេងបៀមដៃមិនស្គាល់ពីការទូត»។

បន្ថែមជុំវិញ​បញ្ហានេះដែរ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ​ស្ថានីយ៍ទូរទស្សន៍បារំាង France 2​ លោករដ្ឋមន្ត្រី​ការបរទេសបារាំង​បានលើកឡើងដូច្នេះថា «ត្រូវតែប្រយ័ត្នបន្តិច.... ចិនជាប្រទេសមហាអំណាច​យើងអាច​មាន​ការខ្វែងគំនិតគ្នាជាមួយចិន ក៏ប៉ុន្តែអ្នក (លោក ត្រាំ) មិនអាចនិយាយដូច្នោះ​ដាក់ដៃគូ​មួយនេះបានទេ ហើយ​នៅពេលចិនមានអារម្មណ៍ថា ខ្លួនត្រូវបានគេចោទសួរពីឯកភាពជាតិនោះវាមិនមែនរឿងឆ្លាតវៃឡើយ»

គួររំលឹកថាការិយាល័យចិនទទួលបន្ទុកកិច្ចការ​តៃវ៉ាន់​បានព្រមានថា ការលូកដៃចូល ឬក៏ការបំផ្លាញដល់គោល នយោបាយចិនតែមួយ អាចនឹងបង្ក​ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដល់សន្តិភាព និងស្ថេរភាពរបស់​កោះតៃវ៉ាន់៕ ​

Advertising