(ស៊ីរី)៖ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំ​អង្គការសហប្រជាតិលោក Vitaly Churkin នៅថ្ងៃពុធនេះ​បានឲ្យដឹងថា នាពេលនេះ​សង្រ្គាមបង្ហូរឈាម​​នៅក្នុង​ទីក្រុងអាឡេប៉ូ នៃប្រទេស៊ីរី​ត្រូវបានបញ្ចប់ ដោយសកម្មភាព​យោធា​ទាំងឡាយត្រូវបានផ្អាកទាំងស្រុងហើយ បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងពួកឧទ្ទាម និងកងកម្លាំងរបស់​រដ្ឋាភិបាល​ស៊ីរី​អស់រយៈពេលជាច្រើនឆ្នាំ​កន្លងមក។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន BBC នៅ​មុន​នេះបន្តិច​នាព្រឹកថ្ងៃពុធ ទី១៤​ ខែធ្នូ​ ឆ្នាំ២០១៦។

នៅទីបំផុតកងទ័ពរដ្ឋាភិបាល​របស់លោក អាស្សាដ បានវាយដណ្តើមកាន់កាប់​តំបន់ចុងក្រោយ​នៃទីក្រុង​អាឡេប៉ូ​ ​ដែល​បាន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​​របស់​ ក្រុម​​ឧទ្ទាម​​ប្រឆាំង​រដ្ឋាភិបាល​​យក​មក​វិញដោយ​ជោគជ័យ ហើយកិច្ចព្រមព្រៀងគ្នា​ក៏ត្រូវបានបង្កើតដើម្បី​អនុញ្ញាតឲ្យ​ ពួកឧទ្ទាមចាក​ចេញពីទីក្រុងដ៏អភ័ព្វនេះ​ដោយ​សុវត្ថិភាព ហើយពួកគេដ៏បានយល់​ស្របតាមកិច្ចព្រមព្រៀង​គ្នានេះ ប៉ុន្តែប្រជាជន​ស៊ិវិល​ក៏ត្រូវទទួលបានការ​អនុញ្ញាតឲ្យចាកចេញ​ផងដែរបើពួកគេចង់។

គួរបញ្ជាក់ដែរថា ការដណ្តើមបានមកវិញនូវ​ទីក្រុងអាឡេប៉ូ គឺជាជោគជ័យដ៏ធំបំផុត​សម្រាប់​ប្រធានាធិបតី​ស៊ីរី លោក បាហ្សា អាល់ អាស្សាដ នៅក្នុងសង្រ្គាម​ដែលបានអូសបន្លាយអស់​រយៈពេល ០៦ឆ្នាំមកហើយនេះ និងបានសម្លាប់ជីវិតមនុស្ស មិនតិចជាង ៤សែននាក់ និងបានបន្សល់​ទុកឲ្យប្រជាជនស៊ីរី (ដែលដំបូង​ឡើយមាន​ដល់ទៅ២២លាននាក់) ជាងពាក់កណ្តាលរស់នៅជារៀងរាល់ថ្ងៃ ដោយអាស្រ័យលើជំនួយពី​អន្តរជាតិ៕