(វ៉ាស៊ីនតោន)៖ ដើម្បីលាងជម្រះខ្លួនពីមុខជំនួញឯកជន ដើម្បីឡើងធ្វើជាប្រធានា​ធិបតី​អាមេរិក​ដ៏​ស្រប​ច្បាប់​​នោះ លោក ដូណាល់ ត្រាំ បានឱ្យ​ដឹងថា​ លោក​នឹង​ប្រគល់​មុខជំនួញ​ទៅឱ្យកូន​ប្រុស​ច្បងទាំងពីររបស់​ខ្លួនគឺ ​លោក ដុន ត្រាំ (Don Trump Jr) និង លោក អេរីច ត្រាំ (Eric Trump)​ ជាអ្នកគ្រប់គ្រង​ជំនួស ខណៈលោក​នៅតែបើក​ទ្វារទុកឱ្យ​កូនស្រី​គឺអ្នកនាង ​អ៊ីវ៉ាន់កា ត្រាំ (Ivanka trump) ទទួលយក​មុខ​តំណែង​ណាមួយ​នៅ​ក្នុងជួររដ្ឋាភិបាល​​ថ្មីរបស់​លោក។ នេះបើតាមការចេញផ្សាយ​ដោយសា្ថនីយ៍​ទូរទស្សន៍ Fox News ​នៅរសៀលថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។

លោក ត្រាំ បានចេញសេចក្ដីប្រកាស​ជាបន្តបន្ទាប់នៅលើ Twitter​ តែប៉ុន្មានម៉ោងប៉ុណ្ណោះ​បន្ទាប់ពីក្រុមការងារ​ចាត់​ចែងការផ្ទេរ​អំណាចរបស់លោក បានសម្រេចចិត្តពន្យាពេលការ​ធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃ​ព្រហស្បតិ៍​ខាងមុខនេះ ដែលលោកគ្រោងនឹង​ប្រកាសពីអនាគតមុខជំនាញ និងហិរញ្ញវត្ថុផ្ទាល់ខ្លួនក្រោមហេតុផល​លោកកំពុងជាប់រវល់នឹង​រឿងតែងតំាង​គណៈរដ្ឋមន្ត្រីថ្មី។ បន្ថែមពីលើនេះ លោកត្រាំ មិនបានបញ្ជាក់​ឱ្យច្បាស់​ពី​កាលបរិច្ឆេទឡើយ​ដោយគ្រាន់តែលើក​ឡើងថា សន្និសីទសារព័ត៌មាននឹង​ត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ប៉ុន្តែបើតាមព័ត៌មានដែល Fox News​ ទទួលគឺសន្និសីទសារព័ត៌មាននេះអាចនឹងត្រូវធ្វើឡើង​នៅខែក្រោយ។

គួររំលឹកថា​កាលនៅអំឡុងយុទ្ធនាការ​​ឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ បានប្រកាសទ្រព្យសម្បត្តិ ដោយក្នុងនោះលោកកំពុង​ក្ដោបក្ដាប់​ភាគ​ហ៊ុន​នៃក្រុម​ហ៊ុនប្រមាណ ៥០០ នៅក្នុងប្រទេស​ចំនួន២៥។ លោក ត្រាំ បានអះអាង ថាលោកនឹងបោះបង់ចោលមុខជំនួញរបស់លោកនៅមុន​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ដើម្បីឡើងធ្វើជាប្រធានាធិបតីអាមេរិក ដែលមិនពាក់ព័ន្ធ​នឹងការរកស៊ីអ្វី​ទាំងអស់៕