(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិជិតផុតអណត្តិ លោក បាន គីមូន បានព្រមានក៏ដូចជា​បង្ហាញពីក្ដីព្រួយបារម្ភឥតឧបមា​ចំពោះអំពើសាហាវឃោឃៅ ប្រព្រឹត្តឡើងប្រឆាំង​នឹងជន​ស៊ីវិលពិសេស​​ស្ត្រីនិង​កុមារនៅក្នុង​​ទីក្រុង​អាឡេប៉ូ ស្របពេល​ដែល​កងទ័ពរដ្ឋាភិបាល​ស៊ីរី​ បានប្រកាសពី​ជ័យជម្នះ​រ​បស់ខ្លួន ដោយអះអាងថា​ សង្រ្គាមនៅក្នុងទីក្រុងនេះ​បានឈានដល់ដំណាក់​កាល​ចុងក្រោយហើយ។ នេះបើតាមការ​ចេញផ្សាយដោយសារព័ត៌មាន BBC​ នៅរសៀលថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។

លោក បាន គីមូន នឹងបញ្ចប់អណត្តិជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ប៉ុន្តែបានបន្សល់​ទុកបញ្ហាជា​ច្រើន​ដូចជា សង្រ្គាមស៊ីរី​ជាដើម​ដែលលោក​គ្មានសមត្ថភាព​ដោះស្រាយ និងទុក​ឱ្យអ្នកបន្តវេនពីលោក គឺលោក ហ្គូធឺរែស ចាត់ចែងបន្ត។​ ទន្ទឹមគ្នានោះដែរបេសកជន​ពិសេសអង្គការសហប្រជាជាតិសម្រាប់​ស៊ីរី បានសង្កត់ធ្ងន់ដែរថា រុស្ស៊ី និងរដ្ឋាភិបាលស៊ីរីជា​អ្នកទទួល​ខុស​ត្រូវ​លើអំពើសាហាវ​យង់ឃ្នង ដែលកើតឡើងនៅក្នុងទីក្រុងអាឡេប៉ូ ខណៈកងកម្លាំង​រដ្ឋាភិបាលលោក អាស្សាដ បានគ្រប់គ្រងទឹកដីជាង ៩០% នៃទីក្រុងដ៏អភ័ព្វមួយនេះទៅហើយ។

គួររំលឹកថា បើតាមអង្គការឃ្លាំមើលសិទ្ធិ​មនុស្សស៊ីរី គិតចាប់តាំងពីថ្ងៃទី១៥ ខែវិច្ឆិកាមក​ជនស៊ីវិល ៤១៥នាក់ និងក្រុមអ្នកយុទ្ធឧទ្ទាមស៊ីរី ៣៦៤នាក់​បានស្លាប់ក្នុងការទម្លាក់គ្រាប់បែក និងប្រយុទ្ធគ្នារវាងកងកម្លាំងក្រុម​ឧទ្ទាម និងកងទ័ពរដ្ឋាភិបាលស៊ីរី៕