(អេហ្ស៊ីប)៖ ស្រ្តីឈ្មោះ Eman Ahhmed ដែលកំពុងរស់នៅក្នុងប្រទេសអេហ្ស៊ីប ត្រូវបានគេជឿជាក់​ថា​ជា​ស្រ្តី​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​គេ​បំផុត​លើ​ពិភពលោកគឺដល់ទៅ ៥០០គីឡូក្រាម​នឹងត្រូវ​បញ្ជូនទៅកាន់ប្រទេស​ឥណ្ឌាដើម្បីទទួលបានការវះកាត់​ដែលនឹងអាចជួយរូបនាង ​ឲ្យសម្រក​ទម្ងន់មកនៅត្រឹមក្រោម ១០០គីឡូក្រាម​វិញ។ នេះបើតាមការ​ចេញផ្សាយដោយ​ស្ថានីយទូរទស្សន៍ CNN នៅមុននេះបន្តិចនារសៀល​ថ្ងៃចន្ទ ទី​១២ ខែធ្នូ​ ឆ្នាំ២០១៦។

បើយោងតាមសមាជិកគ្រួសាររបស់នាង នៅក្នុងរយៈពេល ២០ឆ្នាំកន្លងទៅនេះ Eman សឹងតែមិនបានចាក​ចេញ​ពីបន្ទប់របស់នាងឡើយ ដោយសារតែមិនអាចធ្វើចលនា ឬនិយាយទាក់ទងជាមួយ​គេបានព្រោះតែ​ការដាច់សរសៃឈាមកាលពីពីរឆ្នាំមុន នាងតែងតែ​ចំណាយ​ពេល​សម្រាក​នៅក្នុង​ផ្ទះ ​និង​សម្លឹង​មើល​ពិដាន​ផ្ទះដូចជាជាប់ឃុំអ៉ីចឹង។

នាង Shaimaa Ahmed ជាប្អូនស្រីបង្កើត និងក៏ជាអ្នកមើលថែ Eman បាន​ប្រាប់ទៅកាន់​ CNN ថា​ «Eman មិន​បាន​រស់​នៅ​តាម​​លក្ខណៈ​​សា​មញ្ញ​​​ដូចមនុស្សដទៃទៀតនោះឡើយ ហើយ​​ជីវិ​ត​ពី​កុមារ​ភាព​​រួមនិង​យុវវ័យ​របស់​​នាងពុំមានការសប្បាយ​​រីករាយ​ដូច​គេដូច​ឯង​ទេ ខណៈបងស្រីរបស់ខ្ញុំមួយនេះបាន​និងកំពុងប្រយុទ្ធ​តស៊ូជាមួយនឹង​ជំងឺ​នេះ​អស់​រយៈ​ពេល ៣៦​​ឆ្នាំ​មក​​ហើយ​​នោះ​»

ទន្ទឹមគ្នានេះយុទ្ធនាការតាមបណ្តាញទំនាក់ទំនងសង្គម ដែលចាប់ផ្តើមឡើងដោយ Shaimaa បានទាក់ទាញ​ចំណាប់អារម្មណ៍របស់​​វេជ្ជបណ្ឌិតឯកទេស​ខាងវះកាត់ដ៏ល្បីមួយរូប នៅក្នុងទីក្រុង Mumbai គឺលោក Muffazal Lakdawala ដែលជាអ្នកបង្កើត​មូល​និធិ​រៃ​អង្គាស​ប្រាក់​ដើម្បី​​​បញ្ជូននាង Eman ទៅកាន់ប្រទេស​ឥណ្ឌាក្នុងគោលបំណងទទួលបានការវះកាត់ព្យាបាល។ លោក Lakdawala បាន​រៀប​ចំ​គំ​រោង​នៃ​ការ​​វះ​​កាត់​ជាច្រើនដំណាក់កាលសំដៅជួយ​បញ្ចុះទម្ងន់របស់ Eman ឲ្យមាននៅក្រោម ១០០គីឡូក្រាមវិញព្រោះថា​នាងអាចនឹងបាត់បង់​ជីវិត​​បានគ្រប់ពេលវេលា បើនៅតែបន្តស្ថិតនៅក្នុង​សភាពបែបនេះ។

គួរបញ្ជាក់ដែរថា នាង Eman Ahmed បានចាប់ផ្តើមឡើងទម្ងន់តាំងពីអាយុ ១១ឆ្នាំមក​ដោយសារបញ្ហា​ក្រពេញទីរ៉ូអ៉ីត។ ចាប់ពី​ពេល​នោះ​មក​​ទោះ​បីជា Eman តែងតែមានក្តីសង្ឃឹមថាទម្ងន់របស់នាងអាចនឹង​ស្រកហើយវិលទៅរក​ភាពល្អប្រសើរវិញក្តី ក៏អ្វីបានប្រែក្លាយទៅជាអាក្រក់​នៅ​​ពេលដែលប៉ុន្មានឆ្នាំមុននេះ​ទម្ងន់របស់ Eman បានឡើងដល់ទៅ ៣០០គីឡូក្រាមហើយនាង​បានដាច់សរសៃ​ឈាមថែមទៀត។ ជាមួយ​គ្នា​នេះ​ដែរ លោកវេជ្ជបណ្ឌិត Lakdawala បានឲ្យដឹងដែរថា ដើម្បីអាចឲ្យ Eman ស្រកទម្ងន់នៅត្រឹម​ក្រោម ១០០គីឡូក្រាមវិញ វាទាមទារ​ឲ្យ​មាន​ការ​វះកាត់​ចំនួនពីរលើកជាមួយនិង​រយៈពេលយ៉ាងហោចបីឆ្នាំ៕