(អេហ្ស៊ីប)៖ ករណីបំផ្ទុះគ្រាប់បែកដ៏កក្រើក​នៅក្នុងព្រះវិហារមួយកន្លែង​នៃទីក្រុងគែរ ប្រទេសអេហ្ស៊ីប​បានឆក់យកជីវិតមនុស្ស​កើនដល់​យ៉ាង​ហោចណាស់ ២៥នាក់ និងអ្នករងរបួសចំនួន ៤៩នាក់ដែលវាគឺជា​ការវាយប្រហារដ៏សាហាវជាងគេបំផុត ទៅលើអ្នកកាន់សាសនាគ្រឹស្ត​នៅអេហ្ស៊ីប​នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។

យោងតាមសាក្សីជាច្រើននាក់ ហេតុការណ៍ខាងលើបានកើតឡើងនាវេលាម៉ោង ៩៖៤៥នាទីព្រឹក​ (ម៉ោងនៅអេហ្ស៊ីប) នៅក្នុង​ព្រះវិហារ​ Coptic Orthodox ក្រោយពេលដែល​អ្នកគោរព​​សាសនា​​គ្រឹស្ត​ប្រមាណ​ជា​ង ព២០០នាក់បានបញ្ចប់ការ​សូត្រ​​ព្រះគម្ពីរ​របស់ពួកគេ ខណៈបុព្វជិតនៅទីនោះបាន​រៀប​ចំ​ខ្លួន​ដើម្បីចាប់ផ្តើម​ការ​​ធ្វើធម្មទេសនាជាបន្ត។

មកទល់ព្រឹកថ្ងៃចន្ទនេះ គេពុំទាន់ឃើញមានក្រុមភេរវករណាមួយ​ចេញមុខទទួលខុសត្រូវ​នៅឡើយទេ ប៉ុន្តែការសង្ស័យភ្លាមៗ​បានធ្លាក់​ទៅលើ​ក្រុមជ្រុលនិយមអ៉ឺស្លាម ដោយរួមបញ្ចូលទាំង​ក្រុមរដ្ឋអ៉ឺស្លាម ISIS នៅក្នុងប្រទេសអេហ្ស៊ីបផងដែរ ដែលជាក្រុមតែងតែ​បានបើកការវាយ​​ប្រហារ​សំដៅលើ កងទ័ព កម្លាំងប៉ូលិស និងមន្រ្តីរដ្ឋាភិបាល ជាច្រើនលើកច្រើនសារ​នៅទូទាំងប្រទេស​អាហ្វ្រិកខាងជើងមួយនេះ។

គួរបញ្ជាក់ថា​ហេតុការណ៍ដ៏រន្ធត់នេះបាន កើតមិនដល់ពីរថ្ងៃផង​នៅក្រោយការកើតមានឡើងនៃការ​បំផ្ទុះ​គ្រាប់បែក​មួយផ្សេងទៀត ដែល​សម្លាប់​ជីវិតមន្រ្តីប៉ូលិសចំនួន ០៦នាក់ និងបណ្តាលឲ្យបីនាក់ផ្សេងរងរបួស​នៅតាម​ដងវិថីឆ្ពោះទៅកាន់សំណង់ប្រាសាទពីរ៉ាមីដ ដ៏​អស្ចារ្យ​របស់ប្រទេសអេហ្ស៊ីប៕