(វ៉ែលលីងតុន)៖ គណបក្សជាតិនូវែលសេឡង់ ឬហៅកាត់ថា NZNP នៅថ្ងៃចន្ទនេះ បានប្រកាសតែងតាំង​លោក Bill English ជានាយករដ្ឋមន្ត្រីថ្មីជំនួសលោក John Key​ ដែលបានលាលែងពីតំណែងដ៏គួរឱ្យ​ភ្ញាក់ផ្អើលកាលពីសប្ដាហ៍មុន​ ខណៈតំណែងឧបនាយករដ្ឋមន្ត្រីគឺបានទៅលើលោក Paula Bennett។ នេះបើតាមការ​ចេញផ្សាយដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិនសិនហួរ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។

លោក English នឹងត្រូវដឹកនាំរដ្ឋាភិបាល​នូវែលសេឡង់ថ្មី រហូតដល់ការបោះឆ្នោតសភា​​ ដែលគ្រោងនឹងធ្វើ​ឡើងនៅ​ខែកញ្ញា ឆ្នាំ២០១៧។ ជាមួយគ្នានោះដែរ​នៅក្នុងអំឡុងសន្និសីទ​សារព័ត៌មាន បុរសវ័យ ៥៤ឆ្នាំនេះ បានធានាថា រដ្ឋាភិបាលថ្មីរបស់លោក​​នឹងបន្តអនុវត្តន៍គោលនយោបាយរបស់លោក John Key​ ប៉ុន្តែលោកមិនបាន​បញ្ជាក់អ្វីលម្អិត​នោះទេ​ នៅមុននឹងការរុះរើ​គណៈរដ្ឋមន្ត្រី។

គួរបញ្ជាក់ថា លោក Bill English គឺអាចចាត់ទុកថាជាស្ដាំរបស់លោក John Key​​ ហើយលោកបាន​ក្លាយជារដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​​នៅឆ្នាំ២០០៨ និងបានក្លាយជាតំណាងរាស្ត្រ​នៅឆ្នាំ១៩៩៩៕