(តេហេរ៉ង់)៖ ក្រុមហ៊ុនអាកាសចរណ៍រដ្ឋអ៉ីរ៉ង់​​ បានសម្រេចចុះហត្ថលេខាលើកិច្ចសន្យា​ដែល​តម្លៃ​ ១៦.៦ពាន់លានដុល្លារ​ ដើម្បីទិញយន្តហោះ​ដឹក​អ្នកដំណើរចំនួន ៨០គ្រឿង​ពីក្រុមហ៊ុនផលិត​យន្តហោះដ៏ល្បី Boeing របស់សហរដ្ឋអាមេរិក​ ដែលវាគឺជាកិច្ចសន្យារវាង អាមេរិក-អ៉ីរ៉ង់ ធំជាងគេបំផុតគិតចាប់​តាំងតែពី​ការផ្ទុះ​ឡើង នៃបដិវត្តន៍​អ៉ឺស្លាមកាលពី​ឆ្នាំ១៩៧៩។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន Reuters នៅ​មុន​នេះ​បន្តិច​នាព្រឹកថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។

បើយោងតាមប្រភព​ព័ត៌មានដដែលលោក Farhad Parvaresh អគ្គនាយកក្រុមហ៊ុន​អាកាសចរណ៍ IranAir បានឲ្យដឹងថាកិច្ចសន្យាកិច្ច​សន្យា​​នៃការទិញយន្តហោះដែល​មានរយៈពេល ១០ឆ្នាំនេះ រួមមានយន្តហោះ Boeing ធុន 737 ចំនួន៥០គ្រឿង និងយន្តហោះ Boeing ធុន 777 ចំនួន៣០គ្រឿង​ដែលគិតជាទឹកប្រាក់​សរុបស្មើនឹង ១៦.៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ជាមួយគ្នានេះដែរ​ពិធីចុះ​ហត្ថ​លេខា​​លើ​កិច្ច​សន្យានេះ​ ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីតេហេរ៉ង់​នៃប្រទេសអ៊ីរ៉ង់ ដោយមានការអញ្ជើញចូលរួម​ពីលោក Fletcher Barkdull ប្រធាន​ផ្នែកលក់របស់​ក្រុមហ៊ុន Boeing នៅតាមតំបន់​ក្រោយពេលដែល​ទទួលបានការយល់ព្រមពី​ រដ្ឋាភិបាលសហរដ្ឋអាមេរិក​កាលពីខែកញ្ញា។

គួរបញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោន បានដកទណ្ឌកម្មរបស់ខ្លួន​ជាច្រើនចេញពី​ប្រទេសអ៊ីរ៉ង់ នៅក្រោមកិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ ដែលបានចូល​ជា​ធរមាន​កាលពីខែមករា ដើមឆ្នាំ២០១៦នេះ ប៉ុន្តែការដាក់កំហិត​ដទៃៗ​ផ្សេងទៀតនៅតែបន្តរក្សាវត្តមានដដែល ដោយមាន​ន័យថាក្រុមហ៊ុន​​ទាំងឡាយណា ដែលធ្វើការ​ដោះដូរ​ពាណិជ្ជកម្មជាមួយ​ទីក្រុងតេហេរ៉ង់ ចាំបាច់ត្រូវទទួលបានការ​ឯកភាពពីសេតវិមាន​ជាមុនសិន៕