(បាដាត)៖ នៅបន្ទាប់ពីបានបំពេញដំណើរទស្សនកិច្ចស្ងាត់ៗ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសុក្រ នៅថ្ងៃអាទិត្យនេះ​ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក អាស្តុន ខាតធឺ (Ashton Carter) បានធ្វើដំណើរដោយមិនប្រកាសជាមុន ទៅដល់ទីក្រុងបាដាតហើយ ដើម្បីពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ និងមេបញ្ជារការកងទ័ពអាមេរិក រួមទាំងមេដឹកនាំឃើដស្ដីពី ប្រតិបត្តិការយោធាវាយដណ្ដើមយកទីក្រុង Mosul ពីក្រុម ISIS ​មកវិញ។ នេះបើតាមមន្ទីរបញ្ជកោណ ដែលចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០១៦។

ដំណើរទស្សនកិច្ចរបស់លោក ខាតធើ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ នៅពេលនេះធ្វើឡើងនៅក្នុងបរិបទ នៃភាពមិនច្បាស់លាស់ ពាក់ព័ន្ធនឹងគោល នយោបាយការបរទេស របស់អនាគតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាពិសេសគឺផែនការដកកងទ័ពអាមេរិកតែម្ដង។ ដោយឡែកជុំវិញការវាយយកទីក្រុង Mosul រដ្ឋមន្ត្រីការពារជាតិរូបនេះ ធ្លាប់បានអះអាងថា ទីក្រុងមួយនេះ អាចនឹងវាយដណ្ដើមយកមកវិញពីក្រុម ISIS នៅមុន លោកត្រាំ ចូលស្បថ កាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។

សូមជំរាបថា កងទ័ពអ៊ីរ៉ាក់ និងឃើដប្រមាណជា ១០០០០០នាក់ បានចូលរួមនៅក្នុងប្រតិបត្តិការវាយលុកទៅលើ ទីក្រុង Mosul ដោយក្នុងរយៈពេល៨សប្ដាហ៍កន្លងមកនេះ កងទ័ពអ៊ីរ៉ាក់បានវាយដណ្ដើមទឹកដីមួយភាគបួននៃបរិវេណ មូលដ្ឋានចុងក្រោយមួយនេះ របស់ក្រុម ISIS ៕