(តួកគី)៖ សារព័ត៌មាន BBC បានចេញផ្សាយភ្លាមៗមុននេះបន្តិចនា​រសៀល នៅថ្ងៃអាទិត្យនេះឲ្យដឹងថា ចំនួនអ្នកស្លាប់នៅ ក្នុងការវាយប្រហារបំផ្ទុះរថយន្ដអត្តឃាត ពីរលើកផ្ទួនៗគ្នា កាលពីយប់ថ្ងៃសៅរ៍ នៅឯខាងក្រៅពហុកីឡដ្ឋាននៃក្លឹបបាល់ទាត់តួកគី Besiktas ក្នុងទីក្រុង Istanbul បានឡើងដល់៣៨នាក់ហើយ ក្នុងនោះមាន ៣០នាក់ជាមន្ត្រីប៉ូលិសនិង ជាង១៦០នាក់ ផ្សេងទៀតបានរងរបួស។

ព្រមពេលជាមួយគ្នា អាជ្ញាធរតួកគីបានប្រកាសកាន់ទុក្ខ ដោយបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលដើម្បីរំលឹកវិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះទំាងអស់ដែលបានស្លាប់ ខណៈប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ បានលុបចោលគម្រោងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងបានថ្កោលទោសក៏ដូចជា ហៅការវាយប្រហារនេះថា ជាសកម្មភេរវកម្មប្រឆាំងជនស៊ីវិល និងអាជ្ញាធរតួកគី។

សូមជំរាបថា ពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវនៅឡើយទេ។ ប៉ុន្តែអាជ្ញាធរតួកគីបានឃាត់ខ្លួន មនុស្សយ៉ាងហោចណាស់១៣នាក់ ដែលគេសង្ស័យថា អាចមានជាប់ពាក់ព័ន្ធ នឹងការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏ប្រល័យនេះ៕