(តួកគី)៖ យោងតាមសារព័ត៌មាន RT របស់រុស្ស៊ី បានចេញផ្សាយភ្លាមៗមុននេះបន្តិចនាព្រឹកថ្ងៃអាទិត្យនេះថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតដ៏ខ្លាំងក្លាចំនួន​២គ្រាប់ដោយរថយន្ត បានសម្លាប់មនុស្សកើនឡើងរហូតដល់២៩នាក់ និងរងរបួសជាង១៦០នាក់ ស្ថិតនៅខាងក្រៅពហុកីឡដ្ឋានប្រកួតបាល់ទាត់ នៅទីក្រុង Istanbul ប្រទេសតួកគី នេះដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់របស់ប្រទេសតួកគី។

សារព័ត៌មាន CNN​ ​តាមរយៈការដកស្រង់សម្តីពី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគី បានឱ្យដឹងនៅមុននេះបន្តិចនាព្រឹក ថ្ងៃអាទិត្យនេះថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតដ៏ខ្លាំងក្លាចំនួន​២គ្រាប់ ដោយរថយន្តបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩នាក់ ក្នុងនោះមានប៉ូលិស២៧នាក់ រីឯអ្នករងរបួសកើនឡើងដល់១៦៦នាក់ ស្ថិតនៅឯខាងក្រៅពហុកីឡដ្ឋានបាល់ទាត់នៃក្លឹបបាល់ទាត់តួកគី Besiktas ក្នុងទីក្រុង Istanbul។
ប៉ុន្តែភ្លាមៗនេះដែរពុំទាន់មានក្រុមណាមួយ ចេញមុខអះអាងទទួលខុសត្រូវនៅឡើយទេ ខណៈជារឿយៗក្រុមសកម្មប្រយុទ្ធឃើដ តែងតែដឹកនាំការវាយប្រហារ របៀបនេះ ប្រឆាំងនឹងអាជ្ញាធរតួកគី។

សូមជំរាបថា អាជ្ញាធរតួកគី ក៏បានឃាត់ខ្លួនមនុស្ស១០នាក់ ដែលគេសង្ស័យថា អាចមានជាប់ពាក់ព័ន្ធនឹងការវាយ ប្រហារបំផ្ទុះគ្រាប់បែកដ៏ប្រល័យនេះ ស្របពេលក្រុមទាហានពិសេស កំពុងស្ថិតនៅកន្លែងកើតមានករណីបំផ្ទុះគ្រាប់ បែក ដើម្បីរក្សាសណ្ដាប់ធ្នាប់ឡើងវិញ៕