(វ៉ាស៊ីនតោន)៖ កងទ័ពបន្ថែមរបស់សហរដ្ឋអាមេរិកចំនួន ២០០នាក់ទៀត​ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសស៊ីរី​ដើម្បីជួយគាំទ្រ និងបំពាក់​បំប៉នកងកម្លាំងនៅទី​នោះ​ក្នុងការវាយកម្ចាត់ពួករដ្ឋអ៉ឺស្លាម ISIS ចេញពីទីក្រុង Raqqa​ ដែលត្រូវបានពួក​សកម្មយុទ្ធដ៏សាហាវ​ឃោរឃៅ​​នេះ​ អះអាងថាទីក្រុង​របស់ពួកគេផ្ទាល់។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន USA Today នារសៀលថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងនៅក្នុងសន្និសីទ​ស្តីពីបញ្ហាសន្តិសុខដែល​ប្រារព្ធឡើងនៅទីក្រុងម៉ាណាម៉ា (Manama) នៃប្រទេសបារ៉ែន (Bahrain) លោក Ash Carter បានបញ្ជាក់ថាកងទ័ពជំនួយខាងលើដែលអាមេរិក នឹងបញ្ជូនទៅកាន់​ប្រទេសស៊ីរីនោះ​នឹងមានរួមបញ្ជូលទាំងកម្លាំង​ប្រតិបត្តិការ​ពិសេស, អ្នកបណ្តុះបណ្តាល, អ្នកផ្តល់ប្រឹក្សា, និងក្រុមឯកទេសខាងដោះគ្រឿងផ្ទុះ ដើម្បី​ជួយក្នុងកិច្ចការជ្រើសរើសកម្លាំង​បន្ថែមក៏​ដូច​ជា​ត្រៀមលក្ខណៈ ដើម្បីធ្វើការប្រយុទ្ធតទល់ជាមួយនឹងពួករដ្ឋអ៉ឺស្លាម ISIS នៅក្នុងតំបន់ ខណ​ការបញ្ជូនកងទ័ពបន្ថែមនេះ​ទទួលបានការ​ឯកភាពពីសំណាក់ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា កាលពីសប្តាហ៍មុននេះ។

លោក Ash Carter បានថ្លែងទៀតថា «ដោយសារការរួមសហការគ្នារវាងកងកម្លាំង​របស់យើងជាមួយ​និងដៃគូ​ពួកយើង​បានវាយខ្ទប់​ពួក ISIS ស្ទើរតែគ្មានផ្លូវដកដង្ហើម​រស់បានឡើយដោយ​បានធ្វើការដាក់​​សំពាធពីគ្រប់ជ្រុងជ្រោយ​នៅទូទាំងតំបន់ តាមរយៈសកម្មភាព​រុញច្រាន​ឥតឈប់ឈរ»

គួរបញ្ជាក់ថា ទីក្រុង Raqqa របស់ប្រទេសស៊ីរី និងទីក្រុង Mosul របស់ប្រទេសអ៉ីរ៉ាក់ គឺជាមូលដ្ឋាន​ស្នូលចុងក្រោយគេបង្អស់​ដែល​ស្ថិតក្រោមការគ្រប់គ្រង​របស់ពួកក្រុមរដ្ឋអ៉ឺស្លាម ISIS នៅក្រោយពេល​ដែលពួកគេបានបាត់​បង់តំបន់​កាន់​កាប់ជាច្រើនកន្លែង​នៅក្នុងប្រទេសទាំង​ពីរនេះជា​​បន្តបន្ទាប់រហូត​មក​នៅរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ៕