(តូក្យូ)៖ ប្រទេសរុស្ស៊ីទំនងជាបានទាត់ចោលនូវ​សេចក្តីព្យាយាម​របស់​ប្រទេសជប៉ុនក្នុងការធ្វើ «ទំនាក់ទំនង​ការទូត-កូនឆ្កែ» ដោយ​រុស្ស៊ី​​បានបដិសេធមិន​ទទួលយក​ការដូជាសត្វសុនខ​ ដែលគ្រោងនឹងផ្តល់​ជូនលោក វ៉្លាឌីមៀ ពូទីន​ ​នៅមុនកិច្ចប្រជុំមួយដែល​នឹងត្រូវបារព្ធឡើង​នាសប្តាហ៍ក្រោយ​ជាមួយនឹងនាយករដ្ឋមន្រ្តី​ជប៉ុនលោក ស៊ីនហ្សូ អាបេ។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៦។

រដ្ឋាភិបាលជប៉ុនបានគ្រោងនឹង​ផ្តល់ជូនប្រធានាធិបតី​រុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដែលត្រូវបានគេស្គាល់យ៉ាង​ទូលំទូលាយថា​ជាអ្នក​ស្រឡាញ់​​សត្វសុនខមួយរូបនោះ នូវសត្វសុនខឈ្មោល​មួយក្បាលពូជ Akita ដើម្បីឲ្យ​ទៅធ្វើ​គូស្នេហ៍ជាមួយ Yume ជាសុនខញីមួយក្បាល​ផ្សេងទៀត ពូជដូចគ្នាដែលជប៉ុន​បានធ្វើជាអំណោយ​ជូន​លោក ពូទីន កាលពីឆ្នាំ២០១២​ ប៉ុន្តែភាគីរុស្ស៊ីបាន​បដិសេធមិនទទួលយក​ការដូ​ ថ្មី​នេះ​ឡើយ។

លោក Koichi Hagiuda សមាជិកសភាតំណាងរាស្រ្តជប៉ុន​បានបង្ហើបប្រាប់ថា «គួរឲ្យសោកស្តាយ!​ ពួកយើងបានទទួល​ដំណឹង​នេះ​ពី​រដ្ឋាភិបាលរុស្ស៊ីផ្ទាល់ ហើយក្តីសង្ឃឹម​របស់យើងថា​នឹងប្រគល់កូន​កម្លោះ (សត្វសុនខពូជ Akita) ត្រូវរលាយ​សាប​សូន្យ។» ប៉ុន្តែលោក Hagiuda ពុំបានបញ្ជាក់ប្រាប់ឲ្យដឹងពីហេតុផល​នៅពីក្រោយការបដិសេធនោះឡើយ។

គួរបញ្ជាក់ថាលោក ពូទីន ត្រូវបានមនុស្សជាទូទៅ​ស្គាល់ថាជាអ្នកស្រឡាញ់​​ចូលចិត្តសត្វបំផុត​ដែល​តែងតែ​ត្រូវគេ​ថត​យករូបភាព​បាន ដោយបង្ហាញពីរូបលោកកំពុងជិះសេះ ក៏ដូចជាហែលទឹកជាមួយ​សត្វត្រីដូហ្វីន និងការស្និទ្ធស្នាលជា​មួយសត្វខ្លាត្រីមួយក្បាល​ថែម​ទៀតផង។ ម៉្យាងវិញទៀតក្រៅពីសត្វសុនខញី Yume ដែលមានន័យថា «សុបិន្ត» នៅក្នុងភាសាជប៉ុននោះ លោកប្រធានាធិបតីរុស្ស៊ី ក៏ជាម្ចាស់សត្វសុនខ​ឈ្មោល​មួយក្បាល​ទៀតឈ្មោះថា Buffy មានពូជ Bulgarian Shepherd ដែលជាអំណោយរបស់​នាយករដ្ឋមន្រ្តី​ប៊ុលហ្គារី កាលពីឆ្នាំ២០១០ផងដែរ។

ដោយឡែកនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងមានកិច្ចជួបពិភាក្សាគ្នា​ចាប់ពីថ្ងៃទី​១៥-១៦ ខែធ្នូសប្តាហ៍ក្រោយនេះ៕